កម្ពុជា ដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមសហគ្រិនភាព បច្ចេកវិទ្យាអាកាសធាតុថ្នាក់តំបន់
ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កម្ពុជា បានដាក់ឱ្យដំណើរការ «កម្មវិធីកិច្ចសហការរវាងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ជាមួយធុរកិច្ច ដើម្បីលើកកម្ពស់នវានុវត្តន៍សហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ»ដែលជាគំនិតផ្តួចផ្តើមថ្នាក់តំបន់ ផ្អែកលើការវិនិយោគ ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ក្រោមការផ្តល់ហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង (GCF) តាមរយៈអង្គភាពទទួលបន្ទុកគឺ ធនាគារអភិវឌ្ឍន៍កូរ៉េ (KDB), កម្មវិធីនេះគាំទ្រសហគ្រាសដែលត្រៀមលក្ខណៈរួចរាល់សម្រាប់ទទួលការវិនិយោគ និងបង្ហាញដំណោះស្រាយជាក់ស្តែង ក្នុងការពង្រីកវិសាលភាព និងការឈានចូលទីផ្សារថ្មីៗ។
កម្មវិធីនេះនឹងត្រូវអនុវត្តរួមគ្នាដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) ក្រុមហ៊ុន NH Investment and Securities ក្រុមហ៊ុន NH Absolute Return Partners និងធនាគារអភិវឌ្ឍន៍កូរ៉េ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងបរិស្ថាន គឺជាសមភាគីតំណាងរាជរដ្ឋាភិបាល សម្រាប់ដឹកនាំការអនុវត្តកម្មវិធីនៅក្នុងប្រទេសកម្ពុជា។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា «សហគ្រាសធុនតូច និងមធ្យម នៅតែដើរតួនាទីគន្លឹះក្នុងសេដ្ឋកិច្ចកម្ពុជា ហើយការធ្វើបរិវត្តកម្មសហគ្រាសទាំងនេះ ឱ្យក្លាយជាធុរកិច្ចដែលមានភាពប្រកួតប្រជែងនិងផ្អែកលើបច្ចេកវិទ្យា ត្រូវការទុនវិនិយោគ បច្ចេកវិទ្យាកម្រិតខ្ពស់ និងភាពជាដៃគូរឹងមាំទាំងក្នុងស្រុកនិងអន្តរជាតិ។ កម្មវិធីនេះគាំទ្រដោយផ្ទាល់ដល់កិច្ចខិតខំទាំងនេះ ដោយលើកកម្ពស់នវានុវត្តន៍ និងការវិនិយោគរួមទុន ដែលនឹងបង្កើនសមត្ថភាពសហគ្រិន និងជំរុញសេដ្ឋកិច្ចបៃតងឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់»។
លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា «គំនិតផ្តួចផ្តើមនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបានគោលដៅអាកាសធាតុជាតិ និងការពារធនធានធម្មជាតិរបស់យើង។ យើងប្តេជ្ញាគាំទ្របច្ចេកវិទ្យាថ្មីៗ ដែលអាចកសាងអនាគតស្អាត បៃតង និងប្រកប ដោយចីរភាពសម្រាប់មនុស្សគ្រប់រូប»។
ធាតុសំខាន់មួយនៃកម្មវិធីនេះ គឺមូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ ដែលជាយន្តការវិនិយោគមានទឹកប្រាក់គោលដៅចំនួន ២០០ លានដុល្លារអាមេរិក ដោយមានហិរញ្ញប្បទានសម្រាប់ការខាតបង់ដំបូងចំនួន ៨៣,៧៥ លានដុល្លារអាមេរិកផ្តល់ដោយមូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគពីវិស័យឯកជន៕
