សម្តេចតេជោ ទន្ទឹងរង់ចាំធ្វើការជាមួយ លោក Tran Thanh Man
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានទន្ទឹងរង់ចាំធ្វើយ៉ាងជិតស្និទ្ធជាមួយលោក Tran Thanh Man ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ក្នុងសារលិខិតអបអរសាទរជូនចំពោះលោក Tran Thanh Man នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ បានអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុត ចំពោះលោកដែលត្រូវបានបោះឆ្នោតជ្រើសរើសសាជាថ្មីជាប្រធានរដ្ឋសភា ក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។
សម្តេចតេជោបន្តថា ការជាប់ឆ្នោតសាជាថ្មីរបស់លោក បានបង្ហាញពីការជឿជាក់ និងទំនុកចិត្តរបស់គណបក្ស រដ្ឋ និងប្រជាជនវៀតណាម ចំពោះការដឹកនាំដ៏ឆ្នើម និងការបន្តប្តេជ្ញាចិត្តរបស់ឯកឧត្តម ក្នុងការលើកកម្ពស់តួនាទីរបស់រដ្ឋសភា ដើម្បីសម្រេចបាននូវវិបុលភាពកាន់តែធំធេងសម្រាប់ប្រជាជនវៀតណាម ។
សម្តេចតេជោបន្ថែមថា ទំនាក់ទំនងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសទាំងពីរ តែងតែបានរួមចំណែកយ៉ាងសំខាន់ ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីជារួមរបស់ប្រទេសកម្ពុជា-វៀតណាម ដោយបានលើកកម្ពស់ការយោគយល់គ្នា និងការជឿ ជាក់គ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង ព្រមទាំងបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងពីរ។
សម្តេចតេជោបញ្ជាក់ថា សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានរដ្ឋសភាវៀតណាម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសភារបស់ទាំងពីរបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរដែលតាមរយៈនេះ នឹងបានរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕
