ព័ត៌មានជាតិ

គណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងជ្រើសរើស «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួង លោក​ ហួត ស៊ីនាដ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការវាយតម្លៃ និងជ្រើសរើស សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ (គ.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់របស់លោក​ ហេង សួរ រដ្ឋមន្ដ្រីក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ រៀបចំយន្តការវាយតម្លៃនិងជ្រើសរើស សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៦។

ជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះការចូលរួមពីតំណាងយន្តការត្រីភាគី លោករដ្ឋលេខាធិការបានបញ្ជាក់ថា កម្មវិធីនេះគឺជាអនុសាសន៍ មួយក្នុងចំណោមអនុសាសន៍ទាំង១០ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនាពេលកន្លងមក។ ការដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ » សម្រាប់ឆ្នាំ២០២៦ នេះ មានគោលបំណងលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌ អនុលោមភាពការងារ ព្រមទាំងពង្រឹងប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ រួមទាំងការពង្រឹងការអនុវត្ត របបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ក្នុងឆ្នាំទី២នេះ មានសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន៥៥ ដែលត្រូវបានវាយតម្លៃ និងជ្រើសរើសក្នុងចំណោមសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន ១៨២ ដែលបានដាក់ពាក្យប្រកួតប្រជែងសម្រាប់ឆ្នាំ២០២៦។ ចំនួននេះមានការកើនឡើងជាងឆ្នាំ២០២៥ ដែលមានសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន ៣៦ ដែលបានជ្រើសរើស។ ការវាយតម្លៃជ្រើសរើសជ័យលាភី សហគ្រាសជាសហគមន៍សុខសាន្ត គឺធ្វើឡើងតាមគោលការណ៍កំណត់ និងប្រកបដោយតម្លាភាព ដោយផ្អែកលើលក្ខខណ្ឌអនុលោមភាពទាំង៨ រួមមានអនុលោមភាព នៃលក្ខខណ្ឌការងារ អនុលោមភាពនៃការប្រើប្រាស់ កម្មករនិយោជិត វ័យក្មេង អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈ អនុលោមភាពនៃលក្ខខណ្ឌស្តីពីសុវត្ថិភាព និងសុខភាពការងារ អនុលោមភាព នៃរបបសន្តិសុខសង្គម អនុលោមភាព នៃការប្រើប្រាស់កម្មករនិយោជិតមានពិការភាព អនុលោមភាពនៃការអនុវត្តកម្មវិធី លើកកម្ពស់ផលិតភាពការងារ និងអនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម។សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលជាប់ការវាយតម្លៃ នឹងទទួលបានពានរង្វាន់មាស ឬពានរង្វាន់ប្រាក់ ឬពានរង្វាន់សំរឹទ្ធ និងការលើកលែងការចុះធ្វើអធិការកិច្ចការងារសាមញ្ញទៅតាមកម្រិតពានរង្វាន់។

ជាទីបញ្ចប់ លោកប្រធានគណៈកម្មការ បានអំពាវនាវដល់តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជកជួយផ្សព្វផ្សាយ និងជំរុញសហគ្រាស ក្រុមហ៊ុន រោងចក្រចូលរួមកម្មវិធីប្រឡង ប្រណាំងឱ្យបានច្រើនថែមទៀតសម្រាប់ឆ្នាំបន្ទាប់ ដើម្បីចូលរួមទាំងអស់គ្នាលើកកម្ពស់ វប្បធម៌អនុលោមភាពការងារ៕

To Top