ព័ត៌មានអន្តរជាតិ

លោក តូ ឡាំ អគ្គលេខាធិការ បក្សរបស់វៀណាម នឹងទៅទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីត្រូវបានតែងតាំង ជាប្រធានរដ្ឋ រហូតដល់២០៣១

បរទេស៖ លោក តូ ឡាំ អគ្គលេខាធិការបក្ស និង ជាប្រធានរដ្ឋវៀតណាម រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ថា ដំណើរទស្សនកិច្ចនេះ នឹងត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការបរទេសវៀតណាម។

ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីសេចក្តីសម្រេច របស់រដ្ឋសភាជាតិនៅថ្ងៃទី៧ ខែមេសា តែងតាំងលោក តូ ឡាំ ជាប្រធានរដ្ឋសម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ ។ នេះជាលើកទីពីរហើយដែលលោកបានកាន់តួនាទីពីរក្នុងពេលតែមួយ គឺអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ ដោយបានធ្វើដូច្នេះលើកដំបូងនៅឆ្នាំ២០២៤។

វៀតណាម និងចិន មានប្រវត្តិទំនាក់ ទំនងការទូតយូរអង្វែង ដោយប្រទេសចិន ជាប្រទេសដំបូងគេ ដែលបានបង្កើត ទំនាក់ទំនងជាផ្លូវការ ជាមួយវៀតណាម នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៥០។ ប្រទេសទាំងពីរបានលើកកម្ពស់ ទំនាក់ទំនងរបស់ពួកគេ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០០៨៕
ប្រែសម្រួលៈ ណៃ តុលា

To Top