អាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ យល់ព្រមលើបទឈប់បាញ់ ប៉ុន្តែសន្តិភាពនៅតែមិនទាន់ពិតប្រាកដនៅឡេីយ
វ៉ាស៊ីនតោន៖ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវអស់រយៈពេលប្រហែល ៤០ថ្ងៃ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃពុធបានឈានដល់បទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដោយអ៊ីស្រាអែលគាំទ្របទឈប់បាញ់ ដែលផ្តល់ឱ្យតំបន់មជ្ឈិមបូព៌ាដ៏ច្របូកច្របល់មួយនូវការសម្រាកមួយរយៈពេលខ្លី។
បទឈប់បាញ់ដែលរង់ចាំជាយូរមកហើយត្រូវបានសម្រេចភ្លាមៗ ដោយកើតឡើងភ្លាមៗមុនថ្ងៃផុតកំណត់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់អ៊ីរ៉ង់ឱ្យយល់ព្រមលើកិច្ចព្រមព្រៀង និងបើកច្រកសមុទ្រហ័រមូសឡើងវិញ ឬ “អរិយធម៌ទាំងមូលរបស់ប្រទេសនេះនឹងស្លាប់”។
ខណៈពេលដែលបទឈប់បាញ់បានផ្អាកជម្លោះដែលផលប៉ះពាល់ត្រូវបានគេមានអារម្មណ៍ទូទាំងពិភពលោក អ្នកជំនាញព្រមានថាជម្លោះដ៏ជ្រៅរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នៅតែមិនទាន់ដោះស្រាយបាន ដែលធ្វើឱ្យទស្សនវិស័យ សម្រាប់សន្តិភាពយូរអង្វែងនៅឆ្ងាយពីភាពប្រាកដប្រជា។
ការទម្លាយចុងក្រោយ
បទឈប់បាញ់ត្រូវបានសម្រេចក្នុងចំណោមការគំរាមកំហែងម្តងហើយម្តងទៀតពីលោក ត្រាំ ដែលបានឈានដល់កម្រិតកំពូលនៅថ្ងៃអង្គារ នៅពេលដែលលោកបានព្រមានថា “អរិយធម៌ទាំងមូលរបស់អ៊ីរ៉ង់នឹងស្លាប់” ប្រសិនបើទីក្រុងតេអេរ៉ង់ បរាជ័យក្នុងការបំពេញថ្ងៃផុតកំណត់ចុងក្រោយរបស់លោក សម្រាប់កិច្ចព្រមព្រៀងមួយនៅថ្ងៃអង្គារ វេលាម៉ោង ៨យប់ ម៉ោងនៅអាមេរិក ដែលជាសេចក្តីថ្លែងការណ៍មួយ ដែលទាក់ទាញការរិះគន់យ៉ាងទូលំទូលាយ។
នៅយប់ថ្ងៃអង្គារ ខណៈពេលដែលពិភពលោកកំពុងត្រៀមខ្លួន សម្រាប់ការវាយប្រហារដែលអាចកើតមានពីសហរដ្ឋអាមេរិក លោក ត្រាំ បានប្រកាសពី “បទឈប់បាញ់ទ្វេភាគី” រយៈពេលពីរសប្តាហ៍ ខណៈដែលទីក្រុងតេអេរ៉ង់ បានយល់ព្រម “បើកច្រកសមុទ្រហ័រមូស ទាំងស្រុង ភ្លាមៗ និងមានសុវត្ថិភាព”។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ លោក ត្រាំ បានសាទរកិច្ចព្រមព្រៀងនេះថាជា “ជ័យជម្នះទាំងស្រុង និងពេញលេញ” ដោយបន្ថែមថា អ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ នឹងត្រូវបាន “ថែរក្សាយ៉ាងល្អឥតខ្ចោះ” ក្រោមកិច្ចព្រមព្រៀងឈប់បាញ់៕
ប្រែសម្រួល ឈូក បូរ៉ា
