ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ​ គំរាមដំឡើងពន្ធ ៥០ភាគរយ​ លើប្រទេស​ ដែលផ្តល់អាវុធដល់អ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា សហរដ្ឋអាមេរិកកំពុងចរចាជាមួយអ៊ីរ៉ង់​ លើការបន្ធូរបន្ថយពន្ធ និងទណ្ឌកម្ម​ ខណៈពេលដែលក៏គំរាមដំឡើងពន្ធ ៥០ភាគថយ​ លើប្រទេសណាមួយ​ ដែលផ្គត់ផ្គង់អាវុធដល់ទីក្រុងតេអេរ៉ង់ ។

លោក ត្រាំ បានឧ្យដឹងនៅលើគណនី Truth Social របស់លោកថា «សហរដ្ឋអាមេរិកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ដែលយើងបានកំណត់ថា​ នឹងឆ្លងកាត់អ្វីដែលនឹងក្លាយជាការផ្លាស់ប្តូរ របបដ៏មានផលិតភាពមួយ!»។

លោកបានលេីកឡេីងថា «នឹងមិនមានការកើនឡើងនៃសារធាតុអ៊ុយរ៉ាញ៉ូមនោះទេ» ហើយសហរដ្ឋអាមេរិក​ នឹងសហការជាមួយអ៊ីរ៉ង់​ ដើម្បីជីកកកាយ និងយកធូលីនុយក្លេអ៊ែរដែលកប់ជ្រៅចេញទាំងស្រុង»។

លោកបានកត់សម្គាល់ថា ផ្នែកជាច្រើននៃផែនការឈប់បាញ់ ១៥​ ចំណុចដែលស្នើឡើងដោយសហរដ្ឋអាមេរិក​ ត្រូវបានព្រមព្រៀងគ្នារួចហើយ។

ប៉ុន្មាននាទីក្រោយមក នៅក្នុងការបង្ហោះដាច់ដោយឡែកមួយ លោក ត្រាំ បានគំរាមដំឡើងពន្ធ ៥០ភាគរយ​ និងមានប្រសិទ្ធភាពភ្លាមៗលើប្រទេសណាមួយ​ ដែលផ្គត់ផ្គង់អាវុធយោធាដល់អ៊ីរ៉ង់​ ហេីយនឹងមិនមានករណីលើកលែង ឬការលើកលែងណាមួយឡើយ។

នៅថ្ងៃអង្គារ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់ រយៈពេលពីរសប្តាហ៍។ ភាគីទាំងពីរត្រូវបានគ្រោង នឹងចាប់ផ្តើមការចរចានៅរដ្ឋធានីអ៊ីស្លាម៉ាបាដ របស់ប្រទេសប៉ាគីស្ថាន​ នៅថ្ងៃសុក្រ។

ដើម្បីឆ្លើយតបទៅនឹងផែនការ ឈប់បាញ់របស់ទីក្រុងវ៉ាស៊ីនតោន ទីក្រុងតេអេរ៉ង់​ បានដាក់ចេញនូវសំណើ ១០ ចំណុច ដែលរួមមានការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ដើម្បីធានាថា​ គ្មានសកម្មភាពឈ្លានពានបន្ថែមទៀតទេ ការបន្តគ្រប់គ្រង ច្រកសមុទ្រហ័រមូសរបស់អ៊ីរ៉ង់ ការទទួលយកសិទ្ធិចម្រាញ់ នុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការលើកលែងទណ្ឌកម្មជាដើម៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top