អតីតពលករមកពីថៃ ៖ ការធ្វើតេស្ត RPL មិនអស់ប្រាក់ហើយ ទទួលបានសញ្ញាបត្រ ជំនាញថែមទៀត
ភ្នំពេញ ៖ លោក អ៊ន ភ័ក្ត អតីតពលករខ្មែរម្នាក់ ក្នុងចំណោមអតីតពលកររាប់សែននាក់ ផ្សេងទៀត ដែលត្រឡប់មកពីប្រទេសថៃ បានលើកឡើងថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) មិនចាំបាច់ចំណាយប្រាក់ ហើយថែមទាំងទទួល បានវិញ្ញាបនបត្រ ផ្លូវការបញ្ជាក់ពីជំនាញ ធ្វើឱ្យរូបលោកមានឱកាសខ្ពស់ ក្នុងការទទួលបានការងារ ទាំងក្នុងនិងក្រៅប្រទេស។

មានស្រុកកំណើត នៅខេត្តបាត់ដំបង អតីតពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ រូបនេះប្រាប់ថា លោកសប្បាយចិត្ត និងអរគុណរដ្ឋាភិបាល ដែលបង្កើតឱ្យមានការធ្វើតេស្ត ទទួលស្គាល់ជំនាញពីមុនដោយឥតគិត ធ្វើឱ្យរូបលោកបាន ចុះឈ្មោះនិងធ្វើតេស្ត ជាប់ដោយជោគជ័យ ដោយបានប្រែក្លាយ បទពិសោធទៅជាសញ្ញាបត្រផ្លូវការ។

លោក បញ្ជាក់ថា បើគ្មានកម្មវិធីធ្វើតេស្ត ទទួលស្គាល់ជំនាញពីមុនទេ បទពិសោធរបស់លោកជាច្រើនឆ្នាំ ដែលបានធ្វើការងារនៅប្រទេសថៃ មិនអាចប្តូរបានជាទំនុកចិត្តក្នុងការទទួលបានឱកាសការងារនៅកន្លែងការងារនោះទេ។ លោកបន្ថែមថា វិញ្ញាបនបត្រជាតិផ្លូវការ ដែលលោកទទួលបាន មិនត្រឹមតែជួយឱ្យលោកទទួល បានឱកាសការងារលឿន រហ័សនៅ ក្នុងស្រុកនោះទេ ប៉ុន្តែក៏មានឥទ្ធិពលជួយឱ្យលោកឆាប់ ទទួលបានទំនុកចិត្តនិង ឱកាសការងារក្រៅប្រទេសទៀតផង។

អតីតពលកររូបនេះ បានប្រាប់ទៅដល់អតីតពលករខ្មែរផ្សេងទៀត ដែលចង់បានជំនាញដោយមិនចាំបាច់ឆ្លងកាត់ការសិក្សា ចំណាយពេលតិច ឱកាសរកចំណូល បានច្រើនជាងមុន ថែមទាំងមានឱកាសឡើងតំណែង សូមកុំភ្លេចចុះឈ្មោះ ធ្វើតេស្តជំនាញដែលមានពីមុនដោយឥតគិតថ្លៃ ដើម្បីបម្លែងបទពិសោធទៅជាវិញ្ញាបនបត្រជាតិផ្លូវការ៕



