ព័ត៌មានជាតិ

កម្ពុជា-ឆែក ចាត់ទុកវិស័យទេសចរណ៍ ជាភារកិច្ចរួមគ្នា ដែលត្រូវជំរុញការអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លា

ភ្នំពេញ៖​ កម្ពុជា និងសាធារណរដ្ឋឆែក ឯកភាព និងចាត់ទុកវិស័យ ទេសចរណ៍ ជាភារកិច្ចរួមគ្នា ដែលត្រូវសហការចូលរួម ជំរុញការអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកស្រី Markéta Kolc Hájková ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ​ ជូនដល់លោករដ្ឋមន្ត្រី ដែលបានអនុញ្ញាត ចូលជួបសំដែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ លើការបង្កើនកិច្ចសហប្រតិបត្តិ ក្នុងវិស័យទេសចរណ៍ ជាពិសេសចែករំលែកនូវបទពិសោធ លើការអភិវឌ្ឍវិស័យទេសចរណ៍ និងចំណង់ចំណូលចិត្ត ធ្វើទេសចរណ៍របស់ប្រជាជនឆែក ។ លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ពីការអភិវឌ្ឍ លើគ្រប់វិស័យ ពិសេសក្នុងវិស័យ ទេសចរណ៍ដែលលោកជំទាវបានឃើញផ្ទាល់ជាក់ស្តែង រវាងការធ្វើដំណើរមក ទស្សនាកម្ពុជា ជាលើកដំបូង កាលពី១៥ឆ្នាំមុន និងស្ថានភាព ទេសចរណ៍នាពេលបច្ចុប្បន្ននេះ ដែលទទួលការកើនឡើង គួរឱ្យកត់សម្គាល់ ដែលកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អ សុខសុវត្ថិភាពដល់ភ្ញៀវទេសចរ ដែលធានាបាន ដោយរាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនឆែកដែលតែងតែជួយឧបត្តម្ភគាំទ្រ ប្រទេសកម្ពុជាលើគ្រប់វិស័យ ដើម្បីស្ថាបនាប្រទេសឡើងវិញពីបាតដៃទទេ បន្ទាប់ពីរបបប្រល័យពូជសាសន៍ខែ្មរក្រហម បានដួលរលំចាប់តាំងពីឆ្នាំ១៩៨១ រហូតមក។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីកំណើនភ្ញៀវទេសចរឆែក មកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ។

តាមរយៈជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានឯកភាពចាត់ទុកវិស័យទេសចរណ៍ជាភារកិច្ចរួមគ្នា ដែលត្រូវសហការចូលរួមជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតតាមរយៈសកម្មភាពជាក់ស្តែងរួមគ្នា ​កិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រួមគ្នា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ រវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងជាលំដាប់។

គួរបញ្ជាក់ផងដែរថា កម្ពុជា និងសាធារណរដ្ឋឆែក មានទំនាក់ទំនងការទូតដ៏ល្អលើគ្រប់វិស័យ ចាប់តាំងពីឆ្នាំ១៩៥៦ មក ដែលគិតមកដល់បច្ចុប្បន្នមានរយៈពេលជាង៧០ឆ្នាំមកហើយ។ ចំណងមិត្តភាពជាពិសេស គឺ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានគង់បន្តព្រះរាជសិក្សា​ នៅសាធារណរដ្ឋឆែក និងអាចប្រើប្រាស់ភាសាឆែកយ៉ាងស្ទាត់ជំនាញផងដែរ៕

To Top