ព័ត៌មានជាតិ

កម្ពុជា-ចិន បើកការដ្ឋានសាងសង់ នៃគម្រោងស្ថានីយអគ្គិសនី បូមទឹកស្តុកទុកតាតៃលើ

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ នៃគម្រោងស្ថានីយអគ្គិសនី បូមទឹកស្តុកទុកតាតៃលើ ដែលមានតម្លៃរហូតទៅដល់ ១ពាន់លានដុល្លារ។

តាមរយៈគណនីហ្វេសប៊ុក របស់លោក វ៉ាង វិនពីន ឯកអគ្ករដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ស្ថានីយអគ្គិសនីបូមទឹកស្តុកទុកតាតៃលើ គឺជាស្ថានីយអគ្គិសនីបូមទឹកស្តុកទុកដំបូងបង្អស់នៅប្រទេសកម្ពុជា ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន។ បន្ទាប់ពីសាងសង់រួច គម្រោងនេះនឹងជួយពង្រឹងយ៉ាងខ្លាំងក្លា នូវសមត្ថភាពនៃបណ្តាញអគ្គិសនីកម្ពុជា ក្នុងការកែសម្រួលការប្រើប្រាស់ អគ្គិសនីនៅពេលមានតម្រូវការខ្ពស់ ធានាបាននូវសុវត្ថិភាព និងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងជួយជំរុញកម្ពុជាឱ្យសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍បៃតង គឺ “ការប្រើប្រាស់ថាមពលស្អាតឱ្យបាន ៧០% នៅឆ្នាំ ២០៣០”។

លោក ឯកអគ្គរដ្ឋទូបបន្ថែមថា ចាប់តាំងពីឆ្នាំ ២០១០ មក ស្ថានីយអគ្គិសនីដែលវិនិយោគដោយក្រុមហ៊ុនចិន បានជួយឱ្យអត្រានៃការផ្គត់ផ្គង់ អគ្គិសនីទូទាំងប្រទេសកម្ពុជា កើនឡើងពី ៥០% ដល់ ៩៥.៨៨% និងបានជំរុញឱ្យសមាមាត្រថាមពលស្អាត នៅកម្ពុជាឡើងដល់ ៦៣.២៣% ដែលជាចំណាត់ថ្នាក់លេខ២ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន។យើងមានឆន្ទៈក្នុងការជួយកម្ពុជា សាងសង់ស្ថានីយអគ្គិសនីទំនើបៗបន្ថែមទៀត ដើម្បីបញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់ការអភិវឌ្ឍឱ្យកាន់តែឆាប់រហ័ស និងនាំមកនូវសុភមង្គលកាន់តែច្រើន ជូនដល់ប្រជាជនកម្ពុជា។

To Top