អ៊ីរ៉ង់ប្រកាសបើកច្រកសមុទ្រ Hormuz ទាំងស្រុងឡើងវិញគ្រប់នាវាដឹកទំនិញទាំងអស់
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បានប្រកាសកាលពីថ្ងៃសុក្រថា ការឆ្លងកាត់សម្រាប់នាវាដឹកទំនិញនិងពាណិជ្ជកម្មទាំងអស់ឆ្លងកាត់ច្រកសមុទ្រ Hormuz ឥឡូវនេះត្រូវបានបើកទាំងស្រុងហើយ។ លោកបានបន្ថែមថា ផ្លូវទឹកនឹងនៅតែបើកសម្រាប់បទឈប់បាញ់ដែលនៅសេសសល់ក្នុងពេលដែលកំពុងអនុវត្តបទឈប់បាញ់នៅលីបង់។
ការប្រកាសរបស់លោក Araghchi បានកើតឡើងភ្លាមៗបន្ទាប់ពីបទឈប់បាញ់រយៈពេល១០ថ្ងៃចូលជាធរមានរវាងកងកម្លាំងការពារអ៊ីស្រាអែល (IDF) និងក្រុមសកម្មប្រយុទ្ធ Hezbollah នៅក្នុងប្រទេសលីបង់ ដែលជាឧបសគ្គចម្បងមួយចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
ដោយសរសេរនៅលើបណ្តាញសង្គមX រដ្ឋមន្ត្រីអ៊ីរ៉ង់បាននិយាយថា ស្របតាមបទឈប់បាញ់នៅក្នុងប្រទេសលីបង់ ផ្លូវសម្រាប់នាវាពាណិជ្ជកម្មទាំងអស់ឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានប្រកាសថាបើកចំហទាំងស្រុងសម្រាប់រយៈពេលឈប់បាញ់ដែលនៅសល់។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា នាវាទាំងនោះនឹងត្រូវបានអនុញ្ញាតឱ្យផ្លាស់ទីតាម ផ្លូវសម្របសម្រួល ដូចដែលបានប្រកាសរួចហើយដោយកំពង់ផែ និងអង្គការដែនសមុទ្រនៃតំណាងឥស្លាមនៃប្រទេសអ៊ីរ៉ង់ដោយលើកឡើងថា ច្រកសមុទ្រនឹងនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងតេហរ៉ង់ដដែល។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានឆ្លើយតបទៅនឹងការប្រកាសរបស់លោក Araghchi នៅលើគណនី Truth Social របស់គាត់ ដោយហាក់ដូចជាអរគុណដល់ទីក្រុងតេហរ៉ង់សម្រាប់ការបើកឡើងវិញពេញលេញនូវច្រកសមុទ្រអ៊ីរ៉ង់ដ៏សំខាន់មួយនេះ៕
ប្រែសម្រួល៖ស៊ុនលី
