ព័ត៌មានជាតិ

លោក សម រង្ស៊ី ត្រូវបានបណ្តេញចេញ ពីកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង

ភ្នំពេញ ៖ លោក សម រង្ស៊ី ត្រូវបានបណ្តេញចេញពីកម្មវិធីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង កាលពីថ្ងៃទី១៦ មេសា នៅរដ្ឋសភាបារាំង ។
យោងតាមសេចក្តីបំភ្លឺ របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានឱ្យដឹងថា បើតាមការបញ្ជាក់ ពីអ្នករៀបចំកម្មវិធី ទណ្ឌិតសម រង្ស៊ី មិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ ពោលគឺលោកចូលរួមដោយខ្លួនឯង ។

ស្ថានឯកអគ្គរាជទូតបញ្ជាក់យ៉ាងច្បាស់ថា ស្ថាប័នរដ្ឋផ្លូវការ និងបុគ្គលតំណាងរដ្ឋ មិនអាចធ្វើ ការសហការ ឬផ្តល់ការទទួលស្គាល់ដល់ «បុគ្គលជាទណ្ឌិត» ដែលត្រូវបានតុលាការកាត់ទោសពី បទល្មើសធ្ងន់ធ្ងរ រួមមាន៖ បទរួមគំនិតក្បត់ជាតិ បទប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបទប្រមាថអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតរបស់ប្រជាជាតិខ្មែរនោះឡើយ ។

សេចក្តីបំភ្លឺបញ្ជាក់ថា ការមិនអនុញ្ញាតឱ្យទណ្ឌិតរត់ចោលស្រុកចូលរួមក្នុងកម្មវិធី នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅរដ្ឋសភាបារាំង គឺជាឆន្ទានុសិទ្ធរបស់លោកតំណាងរាស្ត្របារាំង ដែលជាម្ចាស់រៀបចំកម្មវិធី ដើម្បីបើកផ្លូវឱ្យឯកអគ្គរាជទូតអាចចូលរួមក្នុងកម្មវិធីនេះ។ ការណ៍នេះ គឺជាការប្រុងប្រយ័ត្នដើម្បីចៀសវាងការផ្សារភ្ជាប់រវាងឯកអគ្គរាជទូត ជាមួយបុគ្គលដែលកំពុងជាប់ទោសទណ្ឌ មិនមែនជាការប្រកាន់និន្នាការនយោបាយឡើយ ។
ក្រោយលោក សម រង្ស៊ីត្រូវបានបណ្តេញចេញពីកម្មវិធី ត្រូវបានបុគ្គលជ្រុលនិយមមួយចំនួន ចោទប្រកាន់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង គឺជាស្ថាប័នតំណាងឱ្យគណបក្សនយោបាយ មិនមែនជាស្ថាប័នតំណាងឱ្យជាតិ និងប្រជាពលរដ្ឋខ្មែរនោះទេ៕

To Top