ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានលើកតម្កើងមរតកវប្បធម៌
ភ្នំពេញ ៖ ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្រាន្ត លោក ហ៊ុន ម៉ានី បានលើកឡើងថា ព្រឹត្តិការណ៍នគរសង្រាន្ត បានលើកតម្កើងមរតកវប្បធម៌ដូនតា និងអត្តសញ្ញាណជាតិ ឱ្យកាន់តែរុងរឿងបន្ថែមទៀត ។

លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រួមទាំងក្រុមការងារប្រតិបត្តិ ក្រុមការងារទ្រទ្រង់កម្មវិធី និងក្រុមការងាររៀបចំកម្មវិធី ព្រមទាំងយុវជនស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍នេះ កាន់តែសប្បាយរីករាយ។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដោយមិនខ្លាចនឿយហត់ និងបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្មរបស់លោកគ្រូ អ្នកគ្រូ ទាំងអស់។ មិនថាស្ថិតនៅក្នុងផ្នែក ឬក្រុមណាមួយឡើយ អ្នកទាំងអស់គ្នាបានសហការយ៉ាងរឹងមាំ រួបរួមជាធ្លុងមួយ និងរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នគរសង្ក្រាន្ត ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

លោក ហ៊ុន ម៉ានីបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបង្កើតបរិយាកាសជួបជុំដ៏កក់ក្តៅ ស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹម សម្រាប់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរទាំងអស់ ព្រមទាំងបញ្ជាក់ពីមនោសញ្ចេតនាជ្រាលជ្រៅ និងសាមគ្គីភាពដ៏រឹងមាំនៃមហាគ្រួសារខ្មែរ ។ លោកសង្កត់ធ្ងន់ថា ទាំងនេះមិនត្រឹមតែរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក និងទាក់ទាញទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកតម្កើងមរតកវប្បធម៌ដូនតា អត្តសញ្ញាណជាតិ កាន់តែរុងរឿង និងជំរុញយុទ្ធនាការ “ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ” ជាមួយនឹងអនុស្សាវរីយ៍ដ៏មានតម្លៃ ដែលមិនអាចបំភ្លេចបាន៕


