ជប៉ុន បន្ធូរបន្ថយច្បាប់នាំចេញអាវុធជាផ្លូវការ
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានកែសម្រួលជាផ្លូវការនូវ “គោលការណ៍ចំនួន ៣ ស្តីពីការផ្ទេរឧបករណ៍ការពារជាតិ និងបច្ចេកវិទ្យា” និងគោលការណ៍ណែនាំអនុវត្តរបស់ពួកគេនៅថ្ងៃអង្គារនេះ ដើម្បីអនុញ្ញាតឱ្យមានការលក់អាវុធនៅក្រៅប្រទេស។
ការផ្លាស់ប្តូរទាំងនេះត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សាសន្តិសុខជាតិជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ។
ការកែសម្រួលទាំងនេះលុបចោលច្បាប់ ដែលកំណត់ការនាំចេញឧបករណ៍ការពារជាតិរបស់ជប៉ុន ដល់ប្រភេទមិនមែនប្រយុទ្ធចំនួនប្រាំ គឺការជួយសង្គ្រោះ ការដឹកជញ្ជូន ការព្រមាន ការឃ្លាំមើល និងការបោសសម្អាតមីន។
ផ្ទុយទៅវិញ ឧបករណ៍ការពារជាតិនឹងត្រូវបែងចែកទៅជាប្រភេទ “អាវុធ និងមិនមែនអាវុធ” ដោយផ្អែកលើថាតើពួកវាមានសមត្ថភាពសម្លាប់មនុស្ស ឬអត់។
ខណៈពេលដែលការកែសម្រួលជាគោលការណ៍ហាមឃាត់ការនាំចេញអាវុធទៅកាន់ប្រទេសដែលមានជម្លោះកំពុងកើតឡើង ពួកគេអនុញ្ញាតឱ្យមានករណីលើកលែង “ក្នុងកាលៈទេសៈពិសេស” ដែលគិតគូរពីតម្រូវការសន្តិសុខរបស់ជប៉ុន៕
ប្រែសម្រួល ឈូក បូរ៉ា
