ព័ត៌មានជាតិ

កម្ពុជា គឺជាប្រទេសដំបូងគេ សម្រេចបាននូវគោលដៅផែនការ យុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា កម្ពុជា គឺជាប្រទេសដំបូងគេ ក្នុងចំណោមប្រទេស ស្ថិតនៅមហាអនុតំបន់ទន្លេមេគង្គ សម្រេចបានគោលដៅផែនការ យុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ តាមផែនការ។

តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ» នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ខាងមុខ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ប្រកបដោយមោទនភាពថា «ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដំបូងគេនៅក្នុង ចំណោមប្រទេស ស្ថិតនៅមហាអនុតំបន់ទន្លេមេគង្គ ដែលសម្រេចបាន នូវគោលដៅផែនការ យុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់តាមផែនការ»។

សម្ដេចធិបតី បន្ដថា សមិទ្ធផលដ៏ត្រចះត្រចង់នេះ ពិតជាគំរូមេរៀនដ៏ល្អមួយនៃជំហានដំបូងរបស់ផែនការយុទ្ធសាស្ត្រជាតិ ជាត្រីវិស័យច្បាស់លាស់ ត្រឹមត្រូវ ដែលត្រូវបន្តដំណើរដ៏វែងឆ្ងាយទៀតប្រកបដោយស្ថិរភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និង បរិយាបន្ន ក្នុងបរិបទបច្ចេកវិទ្យាឌីជីថល ក្រោមឥរិយាបថទទួលខុសត្រូវខ្ពស់ក្នុងឆន្ទៈប្តេជ្ញារួមគ្នាបង្ការ ទប់ស្កាត់ និង ធានាថាជំងឺគ្រុនចាញ់នឹងមិនកើតមានក្នុងប្រទេសកម្ពុជាឡើងវិញ គិតចាប់ពីឆ្នាំ២០២៦-២០៣៥ ព្រមទាំងបង្ការ ទប់ស្កាត់ទាន់ពេលវេលានៃការរីករាលដាលជំងឺគ្រុនចាញ់នាំចូលពីបណ្តាប្រទេសផ្សេងទៀត ដែលនៅមានជំងឺ គ្រុនចាញ់នៅឡើយ។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា «យើងប្តេជ្ញាថែរក្សាសមិទ្ធផល កម្ពុជាគ្មានជំងឺគ្រុនចាញ់ ដែលជាជោគជ័យជាប្រវត្តិសាស្ត្រឱ្យនៅស្ថិតស្ថេរជានិរន្ដរ»៕

To Top