ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា-ចិន ប្តេជ្ញាចិត្តដ៏មុតមាំ ពង្រឹងបន្ថែមទៀតនូវផ្នែកនយោបាយ ការពារជាតិ

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងបន្ថែមទៀត នូវផ្នែកនយោបាយ ការពារជាតិ និងវិស័យផ្សេងៗទៀត។

ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរនេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគី នៅព្រឹកថ្ងៃទី២៣ មេសា បន្ទាប់ពីការរៀបចំដោយជោគជ័យនៃកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិ នៃប្រទេសទាំងពីរ នៅទីក្រុងភ្នំពេញ នាថ្ងៃ២២ មេសា។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ប្រាក់ សុខុន គឺថា ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច ព្រមទាំងបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយដ៏រឹងមាំ និងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។ 

ការពិភាក្សានេះ បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ៖ កិច្ចការនយោបាយ និងសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជនទាំងពីរ។ 

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួមគ្នា រួមទាំងការគោរពច្បាប់អន្តរជាតិ និងដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ផងដែរ៕

To Top