ប្រធានាធិបតីកូរ៉េខាងត្បូង លី ជេម្យុង ធ្វើទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម រយៈពេល៤ថ្ងៃ ក្នុងពេលដែលទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងកំពុងស្ថិតក្នុងកម្រិតខ្លាំងបំផុតមិនធ្លាប់មាន
បរទេស៖ លោក តូ ឡាំ អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋរបស់វៀតណាម និងជំទាវទី១ ង៉ូ ភឿងលី បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការមួយនៅទីក្រុងហាណូយ កាលពីថ្ងៃពុធ សម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង និងភរិយារបស់លោក គឺលោកស្រី គីម ហេ គ្យុង ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា ពិធីនេះបានធ្វើឡើងនៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នកណ្តាល ក្រសួង និងអាជ្ញាធរទីក្រុងហាណូយ។
ពិធីនេះមានការលេងភ្លេងជាតិនៃប្រទេសទាំងពីរ និងការបាញ់កាំភ្លើងធំចំនួន ២១ ដើម ចេញពីបន្ទាយអធិរាជថាងឡុង។ បន្ទាប់មក មេដឹកនាំទាំងពីរបានពិនិត្យឡើងវិញនូវកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម និងបានណែនាំសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់រៀងៗខ្លួន។
បន្ទាប់ពីពិធីស្វាគមន៍ មេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នា ធ្វើជាសាក្សីនៃការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ និងបានជួបជាមួយអ្នកសារព័ត៌មាន។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែមេសា ធ្វើឡើងនៅពេលដែលទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងកំពុងស្ថិតក្នុងកម្រិតខ្លាំងបំផុតមិនធ្លាប់មាន ហើយត្រូវបានគេរំពឹងថានឹងបើកដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍជាមួយនឹងទិសដៅយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។
ប្រែសម្រួលៈ ណៃ តុលា
