គម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្នគរ សម្រេចបានវឌ្ឍនភាពការងារ៤៧,៦ % លឿនជាងផែនការ២,៦០%
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្នគរ សម្រេចបានវឌ្ឍនភាពការងារ៤៧,៦ % លឿនជាងផែនការ២,៦០% គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៣ មេសា លោក ផន រឹម បានគូសបញ្ជាក់ថា «ខ្ញុំបាទសូមជម្រាបជូនបណ្តាញព័ត៌មាន និងសាធារណជនមេត្តាជ្រាបថា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្នគរ សម្រេចបានវឌ្ឍនភាពការងារ៤៧,៦ % លឿនជាងផែនការ២,៦០%»។

ស្ពានដីឥដ្ឋ-ថ្នគរបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

សូមបញ្ជាក់ថា នេះជាគម្រោងដ៏សំខាន់ សម្រាប់ការតភ្ជាប់ សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត៕

