ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអាមេរិក​ ជំរុញឱ្យជនជាតិអាមេរិកទាំងអស់​ ចាកចេញពីប្រទេសអ៊ីរ៉ង់​ បន្ទាប់ពីការបើកដែនអាកាសឡើងវិញ

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក​ នៅថ្ងៃពុធបានជំរុញឱ្យពលរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់​ ចាកចេញបន្ទាប់ពីប្រទេសនៅមជ្ឈិមបូព៌ាបានបើកដែនអាកាសរបស់ខ្លួនឡើងវិញដោយផ្នែក។

នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ការិយាល័យកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេសបានជំរុញឱ្យជនជាតិអាមេរិកតាមដានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក​ សម្រាប់ព័ត៌មានថ្មីៗ និងទាក់ទងក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម​ សម្រាប់ព័ត៌មានអំពីជើងហោះហើរចេញប្រទេសនេះ។

សេចក្តីណែនាំនេះបានកត់សម្គាល់ថាពលរដ្ឋអាមេរិកក៏អាចចេញដំណើរតាមផ្លូវគោកទៅកាន់ប្រទេសអាមេនី អាស៊ែបៃហ្សង់ តួកគី និងតូមេនីស្ថានផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិក​ បានព្រមានប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ឬតំបន់ព្រំដែនប៉ាគីស្ថាន-អ៊ីរ៉ង់។

អ៊ីរ៉ង់​ បានបិទដែនអាកាសរបស់ខ្លួនបន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមនៅថ្ងៃទី២៨​ ខែកុម្ភៈ។

ប្រទេសនេះបានបើកដែនអាកាសភាគខាងកើតរបស់ខ្លួនឡើងវិញ​ សម្រាប់ជើងហោះហើរអន្តរជាតិនៅថ្ងៃសៅរ៍ ដោយបើកផ្លូវសម្រាប់ការបន្តប្រតិបត្តិការអាកាសយានដ្ឋានឡើងវិញដោយផ្នែក។

នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអាទិត្យ ស្ថានីយ៍ផ្សាយព័ត៌មានរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់​ បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់មកពីអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ ដែលបានឧ្យដឹងថា ដែនអាកាសរបស់ប្រទេសនេះនឹងត្រូវបើកឡើងវិញជា​ ៤ដំណាក់កាល៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top