បុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ បោសសម្អាតអនាម័យ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ទទួលបានអំណោយ ជាថវិកា និងគ្រឿងឧបភោគបរិភោគ
ភ្នំពេញ៖ ដោយការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ បុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបានប្រតិបត្តិការផ្ទាល់ បោសសម្អាតអនាម័យក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញចំនួន ៧០៦នាក់ ទទួលបានអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ក្រោមការរៀបចំ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយរដ្ឋបាលរាជធានីភ្នំពេញ។

ពិធីចែកអំណោយខាងលើ បានធ្វើឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងបរិវេណសាលារាជធានីភ្នំពេញ។

ក្នុងឯកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា គោលបំណង បង្កើតឱ្យមានកម្មវិធីជួបជុំ សំណេះសំណាលខាងលើនេះ គឺដើម្បីអរគុណ ចំពោះបុគ្គលិកសម្អាតអនាម័យ ទាំងរដ្ឋនិងក្រុមហ៊ុនឯកជន ក៏ដូចជាកងកម្លាំងប្រជាការពារទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តនិងភាពសប្បាយរីករាយក្នុងគ្រួសារ មកបំរើការងារ នៅព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលធ្វើឱ្យនគរសង្ក្រាន្ត ទទួលបានជោគជ័យយ៉ាងធំធេង។

លោក ហ៊ុន ម៉ានី ក៏បានថ្លែងការអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយកងកម្លាំង មានសមត្ថកិច្ចទាំងអស់ បានចិត្តដាក់ការពារក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បានល្អប្រសើរក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត”ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ រយៈពេល៦ថ្ងៃកន្លងទៅនេះ ខណៈសន្តិសុខពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់ធំដុំអ្វីឡើយ ។ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកដើលេងកម្សាន្ត ដោយទឹកមុខសប្បាយរីករាយ ដោយស្នាមញញឹម មានសាមគ្គីភាពក្រោមម្លប់សន្តិភាព និងប្រកបដោយសុវត្ថិភាព។

ជាមួយគ្នានេះ លោក ឃួង ស្រេង បានថ្លែងនូវការអរគុណចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានជ្រើសរើសយករាជធានីភ្នំពេញ ធ្វើជាកន្លែងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត”ឆ្នាំ២០២៦ ដែលបានបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ក្នុងគោលបំណងអបអរសាទរឆ្នាំថ្មី គាំទ្រផលិតផលខ្មែរ បង្ហាញពី សាមគ្គីភាព ក្រោមម្លប់សន្តិភាពប្រកបដោយសុខសុវត្ថិភាព។

លោក ឃួង ស្រេង បានថ្លែងដែរដា ភាពជោគជ័យទាំងអស់នេះ គឺមិនអាចផ្តាច់បាន ពីការលះបង់របស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ពិសេស គឺបុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលប្រតិបត្តិការផ្ទាល់ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលធ្វើឱ្យនគរសង្ក្រាន្ត មានបរិស្ថានល្អស្អាតនិងស្រស់បំព្រង៕



