ព័ត៌មានជាតិ

ចំណុចទី៩ នៃបទបញ្ជារដ្ឋាភិបាល ជា «ដាវអាជ្ញាសឹក»៖ តើលោក ខៀវ សុងច័ន្ទសុធា នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ដូចមន្ត្រីផ្សេងទៀតដែរឬទេ?

ភ្នំពេញ៖ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងពង្រឹងអភិបាលកិច្ច និងយុទ្ធនាការសម្អាតផ្ទះ មហាជនកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើ «ស្ដង់ដារតែមួយ» នៃយុត្តិធម៌សង្គម។ ករណីមន្ត្រីនគរបាលជាន់ខ្ពស់ លោក ខៀវ សុងច័ន្ទសុធា ជក់ Vape និងគំរាមរាស្ត្រ បានក្លាយជាវិញ្ញាសារក្ដៅដែលត្រូវវាស់ស្ទង់ដោយ «ដាវអាជ្ញាសឹក» នៃបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

យោងតាមបទបញ្ជាលេខ ០២ បប. ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រង់ ចំណុចទី៩ បានចែងយ៉ាងដាច់ណាត់ថា៖

«គ្រប់ក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់កក្រោមជាតិ ត្រូវចាត់វិធានការដាក់ទណ្ឌកម្មខាងវិន័យរដ្ឋបាលចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់ឧបករណ៍បារីអេឡិចត្រូនិច (Vape) និងស៊ីហ្សា ឬមានការបំពានដែលពាក់ព័ន្ធនឹងឧបករណ៍ទាំងនេះ។»

បទបញ្ជានេះបានសង្កត់ធ្ងន់ថា អ្នកដែលបំពានត្រូវទទួលទណ្ឌកម្មវិន័យយ៉ាងធ្ងន់ធ្ងរ រហូតដល់ការដកតំណែង ឬបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែង។

ភាពដាច់ណាត់របស់ក្រសួងមហាផ្ទៃ ធ្លាប់បានបង្ហាញរួចមកហើយ តាមរយៈប្រកាសលេខ ៥៣៤០ ប្រក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដែលសម្រេច «បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ» លើលោកវរសេនីយ៍ត្រី ហួត គង់ នៃអធិការដ្ឋានខណ្ឌចំការមន ក្រោមមូលហេតុ «ល្មើសវិន័យរបស់នគរបាលជាតិ»។

នេះគឺជាសក្ខីភាពបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា មិនអត់ឱនឱ្យមន្ត្រីដែលធ្វើឱ្យខូចកិត្តិយសអង្គភាពឡើយ។ ចម្ងល់មហាជននៅត្រង់ថា៖ តើស្តង់ដារវិន័យដ៏តឹងរ៉ឹងនេះ នឹងត្រូវយកមកអនុវត្តលើលោក ខៀវ សុងច័ន្ទសុធា ដែរឬទេ?

តាមរយៈឯកសារផ្លូវការ គេឃើញថាច្បាប់ត្រូវបានអនុវត្តយ៉ាងរហ័ស៖
ករណីយុវជន នន ដារ៉ា (ខេត្តកំពត)៖ អាយុ ១៥ ឆ្នាំ គ្រាន់តែថត Reels កាន់ដាវ (មិនទាន់បង្ករបួស) ត្រូវតុលាការចេញដីកាឃុំខ្លួនលេខ ៥៧៨ ចុះថ្ងៃទី២៤ មេសា ២០២៦ ភ្លាមៗ។
ករណីមន្ត្រី ទេព សុខផេង (ខេត្តកំពត)៖ ប្រើហិង្សា និងគ្រឿងញៀន ត្រូវតុលាការចេញដីកាឃុំខ្លួនលេខ ២០២ ក្នុងថ្ងៃតែមួយ។

ផ្ទុយពីករណី លោក ខៀវ សុងច័ន្ទសុធា បែរជា ចេញមកបំភ្លឺ ជា «ក្រៅម៉ោងការងារ»លឺ។ ប៉ុន្តែមហាជនបានលើកជាសំណួរថាហេតុផលថា៖

រំលោទបទបញ្ជានាយករដ្ឋមន្ត្រី៖ ជក់ Vape (ចំណុចទី ៩) ជាសាធារណៈ។
រំលោភសិទ្ធិពលរដ្ឋ៖ ប្រើអំណាចស័ក្តិ ៥ គំរាម «វាយខ្នោះ» និង «ដាក់គុក» លើរាស្ត្រសាមញ្ញ។
រំលោភទ្រព្យសម្បត្តិរដ្ឋ៖ យករថយន្តស្លាកលេខនគរបាលជាតិ ទៅប្រើប្រាស់ក្នុងម៉ោងសម្រាកផ្ទាល់ខ្លួន។

យុត្តិធម៌សង្គមអាចកើតមានទៅបាន លុះត្រាតែបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលត្រូវបានអនុវត្តដោយស្មើភាពគ្នា។ បើមន្ត្រីស័ក្តិ ៤ នៅចំការមនត្រូវបានបណ្តេញចេញ ហើយយុវជននៅកំពតត្រូវជាប់គុកដោយសារកាន់ដាវ នោះលោក ខៀវ សុងច័ន្ទសុធា ដែលបំពានទាំងបទបញ្ជាជក់ Vape និងគំរាមរាស្ត្រ ក៏មិនគួរទទួលបានត្រឹមតែការស្ដីបន្ទោសនោះដែរ។

មហាជនសំណូមពរឱ្យក្រសួងមហាផ្ទៃអនុវត្តអភិក្រម «វះកាត់» ដើម្បីសបញ្ជាក់ថា គ្មានបុគ្គលណាម្នាក់អាចជក់ Vape ដើរគំរាមរាស្ត្រ ហើយនៅមានសេរីភាពពាក់ស័ក្តិបំផ្លាញមុខមាត់កងកម្លាំងនគរបាលជាតិបានឡើយ៕

To Top