ព័ត៌មានជាតិ

ក្រុមហ៊ុនចិន បោះទុន ២០លានដុល្លារ បង្កើតរោងចក្រម៉្សៅដំឡូងមី ដែលមានសមត្ថភាពផលិតបាន ១០ម៉ឺនតោនក្នុងមួយឆ្នាំ

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ រោងចក្រផលិតម៉្សៅដំឡូងមីរបស់ក្រុមហ៊ុន Guanshen Shengda Agriculture Industry Co., Ltd. បានបើកការដ្ឋានសាងសង់ថ្មីស្ថិតភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះគីឡម៉ែត្រ៧៤-៧៥ ។ 

ដំឡូងមីគឺជាដំណាំកសិកម្មដ៏សំខាន់មួយរបស់កម្ពុជា ក្នុងនោះប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី៣ នៅក្នុង តំបន់អាស៊ី ទាំងផ្នែកនៃការប្រើប្រាស់ និងផលិតកម្ម និងផលិតកម្ម បន្ទាប់ពីប្រទេសថៃ និងឥណ្ឌូនេស៊ី  នេះបើធៀបបរិមាណផលិតកម្ម នៅឆ្នាំ២០២៣ មានចំនួនប្រហែល ១៣.៨៩ពាន់លានគីឡូក្រាម។

ក្នុង​ឱកាសនេះដែរ លោក សុន សេងហួត រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុ វត្តន៍  បានមានប្រសាសន៍លើកឡើងថា ទោះបីជាស្ថានភាពបច្ចុប្បន្នមានការរំខាន នៅតាមព្រំដែនជាមួយប្រទេសថៃក៏ដោយ ក៏ទីផ្សារក្នុងស្រុកនៅតែអាចស្រូបយកទិន្នផលបានយ៉ាងល្អនៅខែមករា ឆ្នាំ២០២៦ ការនាំចេញទៅកាន់ប្រទេសវៀតណាមបានកើនឡើងយ៉ាងខ្លាំង ដោយសារតែតម្រូវការខ្ពស់ វិស័យដំឡូងមីកំពុងផ្លាស់ប្តូរពីការនាំចេញវត្ថុធាតុដើម ទៅការកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែម។

លោក រដ្ឋលេខាធិការ បន្ថែមថា អ្នកជំនួញកសិឧស្សាហកម្មធំៗដូចជា ក្រុមហ៊ុនរបស់ឧកញ៉ា ម៉ុង ឫទ្ធី បានចំណាយប្រហែល ៤០លានដុល្លារ អាមេរិក ក្នុងមួយឆ្នាំ ដើម្បីទិញដំឡូងមី និងពោតពីកសិករ សម្រាប់ផលិតចំណីសត្វ ដែលបានជួយកាត់បន្ថយការនាំចូលចំណីសត្វ និងរក្សាចរន្តសេដ្ឋកម្មនៅក្នុងប្រទេស និងការអភិវឌ្ឍន៍ ។ ជាក់ស្តែងរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពគន្លឹះទៅលើការធ្វើពិពិធកម្មសេដ្ឋកិច្ចវិស័យឯកជននិងការងារ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ក្នុងទិសដៅសម្រេចឱ្យបាន នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១(២០២៣-២០២៨) និងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។

លោក Yang youytong ជាប្រធានក្រុមហ៊ុន Guanshen Shengda Agriculture Industry Co., Ltd. បានលើកឡើងថា មិត្តភាពកម្ពុជាចិនមានប្រវត្តិយូរអង្វែង ហើយនៅក្នុងយុគសម័យថ្មីនេះ កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ មានវឌ្ឍនភាពកាន់តែស៊ីជម្រៅ និងវិស័យផ្សេងៗក៏ទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ ។ ក្នុងនាមតំណាងឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់នៃគម្រោង សូមសម្តែងនូវការ ស្វាគមន៍យ៉ាងកក់ក្តៅ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយស ទាំងអស់ សម្រាប់ការផ្តល់កិត្តិយសចូលរួមជាសេក្ខីភាព ក្នុងពិធីបញ្ចុះបឋមសិលា នៃគម្រោងរោងចក្រផលិត ម្សៅដំឡូងមីដែលមានលទ្ធភាពផលិតម្សៅ រហូតទៅដល់ 10ម៉ឺនតោនក្នុងមួយឆ្នាំ របស់ក្រុម Guanshen Shengda Agriculture Industry Co., Ltd.។

លោក Yang youytong បានបញ្ជាក់ថា ក្រោមការបណ្តាក់ទុនសរុបប្រហែល ២០លានដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីបញ្ចប់ការសាងសង់ យើងខ្ញុំរំពឹងថា គម្រោងនេះនឹងអាចបង្កើតចំណូល លក់ប្រចាំឆ្នាំប្រមាណ ៩០លានដុល្លារអាមេរិក ដោយផលិម្សៅដំឡូងមី ១០ម៉ឺនតោន ដំឡូងមីស្ងួត ១០ម៉ឺនតោន និងកាតដំឡូងមីប្រើសម្រាប់ផលិតចំណីសត្វប្រមាណ៣ ម៉ឺនតោន ។ នេះបង្កើតជាប្រភពផ្គត់ផ្គង់ដ៏មានស្ថេរភាព គុណភាព ប្រកបទៅដោយទំនុកចិត្ត សម្រាប់ពាណិជ្ជកម្មដំឡូងមីរវាងកម្ពុជា និងចិន ព្រមទាំងចូលរួមពង្រីកកិច្ច សហប្រតិបត្តិការខ្សែសង្វាក់ផលិតកម្មកសិកម្ម កម្លាំងចលករថ្មី និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕

To Top