ស្ត្រីអ្នកបើករថយន្ត ដែលបង្កអោយយុវជន ២នាក់ស្លាប់នៅមណ្ឌលគិរី ត្រូវតុលាការសម្រេចចោទប្រកាន់ជាបទល្មើសហើយ
មណ្ឌលគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយ ដែលបណ្ដាលឲ្យយុវជនពីរនាក់ស្លាប់បាត់បង់ជីវិត នៅលើផ្លូវជាតិលេខ៧៦ ត្រូវបានអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចចោទប្រកាន់ជាផ្លូវការ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតដំបូង និងពិនិត្យភស្តុតាងពាក់ព័ន្ធ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការ បានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ៧ និង១២នាទីព្រឹក នៅចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ការស៊ើបអង្កេតបង្ហាញថា ស្ត្រីម្នាក់ឈ្មោះ ស៊ាង រ៉ាវី អាយុ៦៧ឆ្នាំ បានបើកបររថយន្តម៉ាក Ford Ranger XLT ពណ៌ស ដោយគ្មានបណ្ណបើកបរ ហើយបានបត់ឆ្លងផ្លូវទៅខាងឆ្វេង ដើម្បីចូលស្ថានីយប្រេងឥន្ធនៈ។

ប្រភពដដែលបន្តថា សកម្មភាពបត់ឆ្លងផ្លូវនេះ មានលក្ខណៈធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន បណ្តាលឲ្យរថយន្តបុកជាមួយម៉ូតូម៉ាក Exciter ដែលកំពុងធ្វើដំណើរទិសផ្ទុយគ្នា លើផ្លូវអាទិភាព។ គ្រោះថ្នាក់នេះបានបណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើររបស់គេ ដែលមានអាយុត្រឹមតែ១៧ និង១៦ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ។
តាមលទ្ធផលពិនិត្យរបាយការណ៍របស់នគរបាលចរាចរណ៍ ភស្តុតាងនៅកន្លែងកើតហេតុ និងចម្លើយសារភាពរបស់ជនសង្ស័យ អយ្យការបានសន្និដ្ឋានថា មូលហេតុសំខាន់នៃគ្រោះថ្នាក់ គឺបណ្តាលមកពីការបើកបរដោយធ្វេសប្រហែស និងការបំពានច្បាប់ចរាចរណ៍ ដោយបើកបរដោយគ្មានបណ្ណបើកបរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងត្រូវបានចោទប្រកាន់ពីបទ “បើកបរដោយធ្វេសប្រហែស បណ្តាលឲ្យស្លាប់មនុស្សច្រើននាក់” និង “បើកបរដោយគ្មានបណ្ណបើកបរ” តាមបញ្ញត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា៨៥ កថាខណ្ឌទី២៕ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
