ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន សហការរៀបចំវគ្គបណ្តុះបណ្តាល ផ្តល់សេវាកម្មទេសចរណ៍កម្រិតស្តង់ដាខ្ពស់ ជាលក្ខណៈអន្តរជាតិ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Center) សហការរៀបចំវគ្គបណ្តុះបណ្តាល ផ្តល់សេវាកម្មទេសចរណ៍កម្រិតស្តង់ដាខ្ពស់ ជាលក្ខណៈអន្តរជាតិ ជាក់ស្តែង និងចំៗ សម្រាប់ទីផ្សារចិន ដល់ប្រតិបត្តិករទេសចរណ៍កម្ពុជា ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា បើកក្នុងកម្មវិធីបណ្តុះបណ្តាលសមត្ថភាពទេសចរណ៍ ប្រកបដោយចីរភាព China-ASEAN (Cambodia) Sustainable Tourism Capacity Building Program ដោយមានការអញ្ជើញចូលរួមពីលោក Shi Zhongjun អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីជំនាញ គ្រូឧទ្ទេសនា និងភាគីពាក់ព័ន្ធច្រើនជាង២០០នាក់ នៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា នៅតែរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ទោះបីជាប្រឈមនឹងបញ្ហាប្រឈមសកលក៏ដោយ ដែលជាមូលដ្ឋានសំខាន់ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថា ជាគោលដៅទេសចរណ៍សុវត្ថិភាព សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយមានការតភ្ជាប់ដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវគោកយ៉ាងងាយស្រួល។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា កំពុងអនុវត្តយុទ្ធនាការជំរុញទេសចរណ៍ជាច្រើនដូចជា ឆ្នាំទេសចរណ៍កម្ពុជា-ចិន, កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយ ជាកន្លែងដែលអ្នកទទួលបាននូវភាពកក់ក្តៅ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ និងផ្តល់បទពិសោធន៍ ពិសេសដល់ភ្ញៀវទេសចរ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីពង្រីកផលិតផលទេសចរណ៍ និងរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាច្រើន ដូចជា ពិធីបុណ្យសមុទ្រ ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន និងពិធីបុណ្យអេកូទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម។

បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Center) ដែលតែងតែផ្តល់កិច្ចសហការ និងគាំទ្រដល់ក្រសួងទេសចរណ៍លើការអភិវឌ្ឍវិស័យទេសចរណ៍ ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ការរៀបចំកម្មវិធី FAM Trip សម្រាប់វិនិយោគិន និងអ្នកផ្សព្វផ្សាយ ព្រមទាំងការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបង្កើនទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរចិន។



សូមបញ្ជាក់ថា ក្នុងរយៈពេលលើកលែងទិដ្ឋាការសាកល្បងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ភ្ញៀវទេសចរចិន អាចស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល១៤ថ្ងៃ ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ និងអាចចូលចេញបានច្រើនដង៕
