អេមីរាត អារ៉ាប់រួម ចាកចេញពីអង្គការនាំចេញប្រេង OPEC និង OPEC+
គ៊ែរ៖ អេមីរាត អារ៉ាប់រួម (UAE) បានប្រកាសពីការសម្រេចចិត្តចាកចេញពីអង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធភាព OPEC+ ដ៏ទូលំទូលាយមួយ ដែលចូលជាធរមាននៅថ្ងៃទី១ ខែឧសភា បន្ទាប់ពីការពិនិត្យដោយប្រុងប្រយ័ត្នលើយុទ្ធសាស្ត្រថាមពលរបស់មហាអំណាចក្នុងតំបន់។
ហេតុអ្វីបានជាអេមីរាត ចាកចេញពីសម្ព័ន្ធភាពប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក? តើការមិនចុះសម្រុងគ្នាផ្ទៃក្នុងអ្វីខ្លះដែលជំរុញការសម្រេចចិត្តរបស់អេមីរាត? ហើយក្នុងនាមជាប្រទេសផលិតប្រេងដ៏សំខាន់មួយរបស់ពិភពលោក តើការចាកចេញរបស់អេមីរាតអាចមានផលប៉ះពាល់អ្វីខ្លះ?
ហេតុអ្វីបានជា អេមីរាត ចាកចេញ?
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦០ OPEC គឺជាក្រុមអ្នកនាំចេញប្រេងធំជាងគេបំផុតរបស់ពិភពលោក ដែលសម្របសម្រួលទិន្នផល ដើម្បីជះឥទ្ធិពលដល់ការផ្គត់ផ្គង់ និងតម្លៃសកល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Emirates (WAM) អេមីរាត បានឧ្យដឹងថា ការសម្រេចចិត្តចាកចេញនេះធ្វើឡើងបន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងទូលំទូលាយអំពីគោលនយោបាយផលិតកម្មរបស់រដ្ឋ និងសមត្ថភាពបច្ចុប្បន្ន និងអនាគតរបស់ខ្លួន ហើយវាផ្អែកលើផលប្រយោជន៍ជាតិ និងការប្តេជ្ញាចិត្តរបស់អេមីរាត ក្នុងការចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការបំពេញតម្រូវការបន្ទាន់របស់ទីផ្សារ។
អ្នកវិភាគជឿជាក់ថា សេចក្តីថ្លែងការណ៍នេះឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ អេមីរាត ក្នុងការរួចផុតពីដែនកំណត់ទិន្នផល និងលុបចោលការរឹតបន្តឹងលើការផលិតប្រេងរបស់ខ្លួនដោយចាកចេញពីក្រុមនេះ។
លោក Robin Mills នាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាយោបល់ Qamar Energy ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ បានប្រាប់ CNN ថា អង្គការ OPEC ថ្មីៗនេះបានកំណត់ទិន្នផលប្រេងរបស់ អេមីរាត មកត្រឹមប្រហែល ៣.២ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលសមត្ថភាពផលិតរបស់ប្រទេសនេះជិតដល់ ៥លានបារ៉ែលក្នុងមួយថ្ងៃ។
លោក Sergey Vakulenko អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល Carnegie Russia Eurasia បានឧ្យដឹងថា “អេមីរាតបានគ្រោងនឹងបង្កើនផលិតកម្មប្រេងរហូតដល់ ៣០ភាគរយ ហើយវានឹងពិបាកក្នុងការធ្វើដូច្នេះនៅក្នុងដែនកំណត់របស់ OPEC និង OPEC+”។
លោក Bao Chengzhang អ្នកជំនាញខាងមជ្ឈិមបូព៌ានៅសាកលវិទ្យាល័យសិក្សាអន្តរជាតិសៀងហៃរបស់ប្រទេសចិន ក៏ជឿជាក់ផងដែរថា ក្នុងចំណោមការរំខានដែលកំពុងបន្តនៅក្នុងច្រកសមុទ្រហ័រមូស អេមីរាត មានគោលបំណងរួចផុតពីការរឹតបន្តឹងកូតារបស់ OPEC ដោះសោសមត្ថភាពផលិតកម្មទំនេរ និងទាញយកអត្ថប្រយោជន៍ពីកំពង់ផែ Fujairah ដែលភាគច្រើនមិនរងផលប៉ះពាល់ដោយវិបត្តិដែលកំពុងបន្ត ដើម្បីកែសម្រួលផលិតកម្មឱ្យកាន់តែមានភាពបត់បែន៕
ប្រែសម្រួល ឈូក បូរ៉ា
