ព័ត៌មានជាតិ

ព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌អន្តរជាតិ និងគុនចម្រុះកម្ពុជា-ចិន «និស្ស័យក្បាច់គុនល្បុក្កតោ-សៅលីង វិលវិញជួបគ្នានៅមុខអង្គរ» នាខេត្តសៀមរាប ត្រូវបានបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌អន្តរជាតិ និងដ៏ធំអំពីគុនចម្រុះកម្ពុជា-ចិន «និស្ស័យក្បាច់គុនល្បុក្កតោ-សៅលីង វិលវិញជួបគ្នានៅមុខអង្គរ» នាខេត្តសៀមរាប ត្រូវបានបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនាដោយផ្ទាល់ និងរួមគ្នាផ្សាយផ្ទាល់ដោយសារព័ត៌មាន ប្រជាពលរដ្ឋ និងក្រុម Influencers ល្បីៗជុំវិញពិភពលោក ឡើងដល់ប្រមាណ ៥០ម៉ឺន Viewers (អ្នកទស្សនា) ។

ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយ ព្រះវិហារវត្តសៅលីង ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រដ្ឋបាលប្រជាជនខេត្តហឺណាន រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ផ្សារភ្ជាប់វប្បធម៌ ក្បាច់គុនចម្រុះកម្ពុជា-ចិន «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រះតេជគុណ សឺ យ៉ានស៊ូ ព្រះចៅអធិការវត្តសៅលីងប្រចាំនៅកម្ពុជា លោក ង៉ូវ សេងកាក់ តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង ២,០០០​នាក់ នៅកន្លែងផ្ទាល់ និងអ្នកទស្សនាតាមរយៈការផ្សាយផ្ទាល់ ប្រមាណជាង៥០ម៉ឺននាក់។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងថា ការរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាពេលនេះ គឺធ្វើឡើងដើម្បីចូលរួមអបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងខួបលើកទី៦៨ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបន្តពង្រឹង និងពង្រីកការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ខណៈដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងត្រូវបានពង្រីក ពង្រឹង ពូនជ្រំ និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ​ ព្រមទាំងលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈក្បាច់គុនបុរាណដ៏មានតម្លៃរបស់កម្ពុជា ដូចជា គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ រួមជាមួយសិល្បៈក្បាច់គុនចិនដ៏ល្បីល្បាញ ដូចជា កុងហ្វូសៅលីង និងថាយជី ការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកទេសរវាងកីឡាករ និងគ្រូបង្វឹកនៃប្រទេសទាំងពីរ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ និងអរិយធម៌របស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរចិន និងអន្តរជាតិ និងការរួមចំណែកអភិរក្ស អភិវឌ្ឍ និងលើកតម្លៃអត្តសញ្ញាណវប្បធម៌ជាតិ តាមរយៈការបង្ហាញសិល្បៈក្បាច់គុនជាមរតករស់របស់ប្រជាជាតិទាំងពីរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យទេសចរណ៍ បានក្លាយជាសសរស្តម្ភដ៏រឹងមាំមួយ ក្នុងការគាំទ្រដល់ចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ជាពិសេសក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការតភ្ជាប់ ការផ្លាស់ប្តូរប្រជាជន វប្បធម៌ និងទេសចរណ៍ រវាងកម្ពុជា និងចិនឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនថែមទៀត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបន្តថា «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ ដែលឆ្លុះបញ្ចាំងពីការបន្តពង្រឹងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងចិន តាមរយៈវិស័យវប្បធម៌ ទេសចរណ៍ និងកីឡា មិនត្រឹមតែជាការសម្តែងសិល្បៈក្បាច់គុនប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏យូរលង់ដូចគ្នា។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងភាគីកម្ពុជា និងចិន ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ព្រមទាំងបានកោតសរសើរ ចំពោះការចូលរួមយ៉ាងសកម្មរបស់ក្រុមកីឡាករ សិល្បករ ព្រះសង្ឃសៅលីង និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា និងចិន។

សូមបញ្ជាក់ផងដែរថា «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នេះ មិនត្រឹមតែជាការសម្តែងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពរស់នៃការផ្លាស់ប្តូរវប្បធម៌ សាមគ្គីភាព និងមិត្តភាពដ៏យូរអង្វែង ដែលនឹងបន្តរួមចំណែកជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិ ឱ្យមកស្វែងយល់ និងទទួលយកបទពិសោធន៍ដ៏សម្បូរបែបនៅព្រះរាជាណាចក្រកម្ពុជា៕

To Top