ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ សម្ដែងការមិនពេញចិត្ត​ជាមួយនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោកមិនពេញចិត្ត ជាមួយនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយប្រទេសនៅមជ្ឈិមបូព៌ា ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមបទឈប់បាញ់ជាបន្តបន្ទាប់។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា “ពួកគេចង់ធ្វើកិច្ចព្រមព្រៀង ប៉ុន្តែខ្ញុំមិនពេញចិត្តនឹងវាទេ”។​ អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានប្រគល់សំណើរបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងសន្តិភាព​ ដែលអាចធ្វើទៅបានទៅកាន់សហរដ្ឋអាមេរិក តាមរយៈអ្នកសម្របសម្រួលប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍។

លោក ត្រាំ​ បានបន្ថែមថា “យើងទើបតែបានសន្ទនាជាមួយអ៊ីរ៉ង់។ ចូរយើងមើលថាមានអ្វីកើតឡើង ប៉ុន្តែខ្ញុំចង់និយាយថា ខ្ញុំមិនសប្បាយចិត្តទេ​ ពួកគេបានឈានទៅមុខ ប៉ុន្តែខ្ញុំមិនប្រាកដថាពួកគេនឹងទៅដល់ទីនោះឬអត់ទេ”។

ប្រធានាធិបតីអាមេរិករូបនេះ​ បានអះអាងថា មាន “ភាពមិនចុះសម្រុងគ្នាយ៉ាងខ្លាំង” ក្នុងចំណោមថ្នាក់ដឹកនាំអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដ៏ធំសម្បើមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានធ្វើឡើងនៅថ្ងៃទី២៨​ ខែកុម្ភៈ ប្រឆាំងនឹងអ៊ីរ៉ង់។

លោកបានលេីកឡេីងថា “ភាពជាអ្នកដឹកនាំមានភាពមិនស៊ីសង្វាក់គ្នាខ្លាំងណាស់​ វាមានក្រុមពីរទៅបី ឬប្រហែលជាបួន ហើយវាជាភាពជាអ្នកដឹកនាំ​ ដែលមានភាពមិនស៊ីសង្វាក់គ្នាយ៉ាងខ្លាំង​ ដូច្នេះហេីយ ពួកគេទាំងអស់គ្នាចង់ធ្វើកិច្ចព្រមព្រៀង ប៉ុន្តែពួកគេទាំងអស់គ្នាសុទ្ធតែមានបញ្ហា”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top