សហរដ្ឋអាមេរិក ព្រមានក្រុមហ៊ុន ដឹកជញ្ជូនអំពីការចំណាយប្រាក់ ឱ្យអ៊ីរ៉ង់ ដើម្បីបានឆ្លងកាត់ច្រកសមុទ្រ ហ័រមូស
បរទេស៖ សហរដ្ឋអាមេរិកបានព្រមាន ក្រុមហ៊ុនដឹកជញ្ជូនថា ពួកគេអាចប្រឈមមុខ នឹងទណ្ឌកម្ម ចំពោះការធ្វើការទូទាត់ទៅឱ្យអ៊ីរ៉ង់ ដើម្បីឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយសុវត្ថិភាព។
យោងតាមសារព័ត៌មាន AP ចេញ ផ្សាយនៅថ្ងៃទី២ ខែឩសភា ឆ្នាំ២០២៦ថា ការជូនដំណឹងរបស់ការិយាល័យ គ្រប់គ្រងទ្រព្យសម្បត្តិបរទេស របស់សហរដ្ឋអាមេរិកដែលបានបង្ហោះ នៅថ្ងៃសុក្របានបន្ថែមសម្ពាធនៅក្នុងការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់លើការគ្រប់គ្រងច្រកសមុទ្រ នៅមាត់ឈូងសមុទ្រពែក្ស ជាកន្លែងដែលពាណិជ្ជកម្មប្រេង និងឧស្ម័នធម្មជាតិប្រហែល មួយភាគប្រាំរបស់ពិភពលោក ជាធម្មតាឆ្លងកាត់។
អ៊ីរ៉ង់បានបិទច្រកសមុទ្រនេះ ដោយជោគជ័យដោយវាយប្រហារ និងគំរាមកំហែលើងនាវាបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាន ចាប់ផ្តើមសង្គ្រាមនៅថ្ងៃទី ២៨ ខែកុម្ភៈ ។ ក្រោយមកអ៊ីរ៉ង់ បានចាប់ផ្តើមផ្តល់ជូននាវាមួយចំនួន នូវការធ្វើដំណើរដោយសុវត្ថិភាពដោយបង្វែរពួកគេឆ្លងកាត់ផ្លូវ ដែលនៅជិតឆ្នេរសមុទ្ររបស់ខ្លួន ដោយគិតថ្លៃសេវានៅពេលខ្លះ។
កិច្ចខិតខំប្រឹងប្រែង “កន្លែងគិតប្រាក់” នោះគឺជាចំណុចកណ្តាលនៃការព្រមានទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបាននិយាយថា ការទាមទារការទូទាត់អាចរួមបញ្ចូលការផ្ទេរមិនត្រឹមតែជាសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង “ទ្រព្យសកម្មឌីជីថល ការទូទាត់សង ការដោះដូរក្រៅផ្លូវការ ឬការទូទាត់ជាសាច់ប្រាក់ផ្សេងទៀត” រួមទាំងការបរិច្ចាគសប្បុរសធម៌ និងការទូទាត់នៅស្ថានទូតអ៊ីរ៉ង់។
ប្រែសម្រួល: ណៃ តុលា
