រដ្ឋមន្ដ្រីអប់រំ ណែនាំឱ្យពង្រឹងការបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ ចាប់ពីកម្រិតបឋមសិក្សា
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យពង្រឹងការបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ ចាប់ពីកម្រិតបឋមសិក្សា ដោយផ្ដោតលើការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែង ក្នុងជីវភាពប្រចាំថ្ងៃ។

ការណែនាំ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី «វិធីសាស្ត្របង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ» នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងពង្រឹងគុណភាពអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្រឱ្យកាន់តែប្រសើរឡើង។
លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យពង្រឹងការបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ ចាប់ពីកម្រិតបឋមសិក្សា ដោយផ្ដោតលើការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងក្នុងជីវភាពប្រចាំថ្ងៃ។ លោកគ្រូ អ្នកគ្រូត្រូវផ្លាស់ប្ដូរពីវិធីសាស្ត្រឱ្យសិស្សទន្ទេញចាំមាត់ មកជាការបណ្ដុះស្មារតីឱ្យសិស្សចេះឆ្ងល់ ចេះសួរដេញដោល និងមានការចូលរួមយ៉ាងសកម្មក្នុងថ្នាក់រៀន ព្រមទាំងត្រូវលុបបំបាត់គម្លាតរវាងមុខវិជ្ជារូបវិទ្យា និងគណិតវិទ្យា ដែលទាមទារឱ្យមានការប្រើប្រាស់រូបមន្តប្រទាក់ក្រឡាគ្នា។
ជាមួយគ្នានេះ លោក ក៏បានសង្កត់ធ្ងន់លើការវិភាគលទ្ធផលនៃតេស្តរង្វាយតម្លៃអន្តរជាតិ (PISA) ដើម្បីកែលម្អគុណភាពអប់រំឱ្យស្របតាមស្ដង់ដាពិភពលោក និងជំរុញឱ្យបង្កើនការអនុវត្តជាក់ស្ដែងជាជាងទ្រឹស្ដី សំដៅលុបបំបាត់គម្លាតរវាងការបណ្ដុះបណ្ដាល និងការអនុវត្តនៅតាមសាលារៀន។ ជាពិសេស ត្រូវព្យាយាមពង្រីកការផ្សព្វផ្សាយនូវរាល់ឯកសារដែលបានបោះពុម្ពរួចឱ្យបានទូលំទូលាយដល់គ្រូបង្រៀននៅទូទាំងប្រទេស ដើម្បីធានាបាននូវសមធម៌ និងប្រសិទ្ធភាពនៃការបង្រៀនដល់សិស្សានុសិស្សគ្រប់រូប។
លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការរៀបចំ និងកែលម្អវិធីសាស្ត្របង្រៀនឱ្យកាន់តែមានភាពប្រសើរឡើង និងជឿជាក់ថា ស្មារតីនៃកិច្ចប្រជុំនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញគុណភាពអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្រ (STEM) នៅកម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕
