DAP News
ព័ត៌មានជាតិ

លោក ខូយ រីដា អញ្ជើញទទួលបច្ច័យពីព្រះចៅអធិការវត្តបាកាន ក្នុងការចូលរួមចំណែកសាងសង់អាគារ ពហុព្យាបាល និងសង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលាខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានទទួលបច្ច័យចំនួន ២,០០០ដុល្លារ (ពីរពាន់ដុល្លារសហរដ្ឋអាមេរិកគត់) ពីព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន។

ថវិកានេះ ទទួលបានតាមរយៈសទ្ធាជ្រះថ្លារបស់ម្ចាស់ដើមទាន ប្រធានដើមបុណ្យ និងពុទ្ធបរិស័ទទូទៅ ដើម្បីរួមចំណែកក្នុងមហាកុសលសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់នេះ មានទំហំ បណ្តោយ ៥៤ម៉ែត្រ x ទទឹង ២២ម៉ែត្រ កម្ពស់ ៥ជាន់ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ គម្រោងដ៏ធំធេងនេះ កើតចេញពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ រួមជាមួយ ព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

បច្ចុប្បន្នគម្រោងនេះបានដំណើរការសាងសង់ ដែលប្រព្រឹត្តទៅតាមដំណាក់កាល ជាមួយនឹងការកែសម្រួលប្លង់ស្ថាបត្យកម្មឱ្យកាន់តែមានប្រសិទ្ធភាព។ រដ្ឋបាលខេត្តក៏សង្ឃឹមយ៉ាងមុតមាំថា សប្បុរសជននានានឹងបន្តចូលរួមឧបត្ថម្ភគាំទ្រតាមកម្លាំងសាមគ្គី ដើម្បីឱ្យសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ លេចចេញជារូបរាង និងផ្តល់សេវាសុខាភិបាលកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top