ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំ អន្តរស្ថាប័ន ដើម្បីពិនិត្យលើក្របខ័ណ្ឌច្បាប់ ពាក់ព័ន្ធនឹងវិធានការ ដែលត្រូវអនុវត្ត ចំពោះករណីក្មេងទំនើង ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន ដែលមានការពាក់ព័ន្ធ រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ ពិភាក្សាលើទិដ្ឋភាពច្បាប់ និងវិធានការ ចាំបាច់និងសមស្រប ដែលអាចប្រើប្រាស់ សម្រាប់ឆ្លើយតបទៅ នឹងបញ្ហាក្មេង ទំនើង សំដៅម៉្យាងអាចឱ្យក្មេងទំនើងបំពេញការងារ ឬធ្វើសកម្មភាពមួយចំនួន ដែលគាំទ្រ ដល់ផលប្រយោជន៍នៅ តាមបណ្តោយព្រំដែន និងម៉្យាងទៀត អាចឱ្យក្មេងទំនើងទទួលការអប់រំ កែប្រែ និង ស្តារនីតិសម្បទា ដើម្បីធានាការធ្វើសមារហណកម្ម ចូលមកសង្គមវិញដោយជោគជ័យ និងបានកែប្រែខ្លួនពីក្មេងទំនើងមកជាពលរដ្ឋល្អវិញ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕




