ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើក លែង ទោស ដល់ទណ្ឌិតចំនួន ១០នាក់ ក្នុងឱកាសបុណ្យវិសាខបូជា
ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦នេះ អង្គភាពពន្ធនាគារខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតដែលបានកែខ្លួនល្អ ក្នុងឱកាសពិធីបុណ្យវិសាខបូជា។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្តព្រះវិហារ និង លោកស្រី វុធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។

តាមរបាយការណ៍បានឱ្យដឹងថា ក្នុងឱកាសនេះ មានទណ្ឌិតសរុបចំនួន ១០នាក់ (ស្រី ០៣នាក់) ត្រូវបានប្រកាសបន្ធូរបន្ថយទោស ក្នុងនោះរួមមាន៖
ទណ្ឌិតចំនួន ០៩នាក់ (ស្រី ០៣នាក់) ត្រូវបានបន្ធូរបន្ថយទោសរយៈពេល ០៣ខែ។
ទណ្ឌិតចំនួន ០១នាក់ ត្រូវបានបន្ធូរបន្ថយទោសរយៈពេល ០៦ខែ។

ក្នុងឱកាសនោះ លោកប្រធានពន្ធនាគារ និងលោកស្រីព្រះរាជអាជ្ញារង ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងបានផ្តល់ការណែនាំដល់ជនជាប់ឃុំទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់គោរពវិន័យ ស្តាប់បង្គាប់ និងបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារឱ្យបានល្អ។ លោកបានសង្កត់ធ្ងន់ថា ការកែប្រែខ្លួនឱ្យក្លាយជាមនុស្សល្អ និងជាបុគ្គលគំរូ គឺជាមូលហេតុចម្បងដែលនាំឱ្យមានការពិចារណាបន្ធូរបន្ថយទោសនៅតាមបណ្តាបុណ្យជាតិធំៗម្តងៗ ដើម្បីបានវិលត្រឡប់ទៅជួបជុំគ្រួសារ និងរស់នៅក្នុងសង្គមវិញក្នុងពេលឆាប់ៗខាងមុខ។


ជាចុងក្រោយ លោកក៏បានផ្ដាំផ្ញើដល់ជនជាប់ឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងខិតខំរៀនសូត្រជំនាញវិជ្ជាជីវៈផ្សេងៗដែលមាននៅក្នុងពន្ធនាគារ ដើម្បីយកទៅប្រកបរបរចិញ្ចឹមជីវិតដោយសុច្ចរិត នៅពេលដែលទទួលបានសេរីភាពឡើងវិញ៕
ដោយ៖ សួន ពិសិត|ដើមអម្ពិល
