សម្តេចតេជោ រំលឹកមន្ត្រីយកចិត្តទុកដាក់ បម្រើជាតិ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញ តួនាទីភារកិច្ចបម្រើជាតិ ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តតាកែវ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា ក្រៅពីការយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចបម្រើជាតិហើយ ក៏មិនត្រូវភ្លេចតួនាទីរបស់ខ្លួន ក្នុងការបម្រើសេវានានា ឱ្យប្រជាជនបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់ នូវសេវាចាំបាច់ និងសេវាតម្រូវការនានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ជៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ក៏បានរំលឹកដល់មន្ត្រីទាំងអស់ ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។

សម្ដេចតេជោក៏បានមានប្រសាសន៍ គាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានណែនាំឱ្យខិតខំ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាពិសេស ខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះសន្សំសំចៃ លើការចំណាយដែលមិនចាំបាច់នានា ៕

