ព័ត៌មានជាតិ

ប្រជាពលរដ្ឋពេញចិត្តចំពោះការប្រើប្រាស់ម៉ាស៊ីនស្វ័យសេវារបស់ ប.ស.ស. ដែលបានដាក់​នៅតាមមន្ទីពេទ្យដៃគូរប.ស.ស.

ភ្នំពេញ៖ ប្រជាពលរដ្ឋពេញចិត្តចំពោះការប្រើប្រាស់​ម៉ាស៊ីនស្វ័យសេវា (NSSF Self Service) របស់បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និង​បណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ ​ដែល​បានដាក់ឱ្យដំណើរការនៅតាមមន្ទីរពេទ្យដៃគូររបស់ប.ស.ស. ដើម្បីជួយពន្លឿន​ការផ្ដល់​សេវាកម្មសា​ធារណៈ​ឱ្យកាន់​តែលឿន រហ័ស និងងាយស្រួលដល់អ្នកប្រើប្រាស់សេវាប.ស.ស.។

ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គមឈ្មោះ Sophors Srey Nuth បានប្រើប្រាស់ម៉ាស៊ីនស្វីយសេវានៅ​មន្ទីពេទ្យតេជោសន្តិភាព បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងពេញចិត្តក្នុងវិឌីអូខ្លីមួយ ចំពោះ​​ការដាក់ឱ្យប្រើប្រាស់នូវម៉ាស៊ីនស្វ័យសេវារបស់ ប.ស.ស. នៅក្នុងមន្ទីពេទ្យ ព្រមទាំងចែករំលែកនូវវិធីប្រើប្រាស់ និងចំណាប់អារម្មណ៍បន្ទាប់ពីបានប្រើប្រាស់​ម៉ាស៊ីន​នេះ​។

ក្នុងវីដេអូនោះ លោកស្រីបានចែករំលែកបទពិសោធន៍ដោយថា “ខ្ញុំទៅពិនិត្យផ្ទៃពោះនៅតេជោសន្តិភាពកូនទី២នេះ គឺមានអារម្មណ៍ថា ប្លែកជាង​មុន​ច្រើន​មែនទែន កន្លែងអង្គុយរង់ចាំគឺទូលាយជាមុន កៅអីច្រើនជាងមុន ហើយមានភាពងាយស្រួលលឿនជាងមុនទៀត ដោយសារ​ឥលូវគេ​មាន​ម៉ា​ស៊ីនសម្រាប់ស្កេន ប.ស.ស. ដែលពេលដែលយើងទៅដល់មុនគឺមិនចាំបាច់ចាំទាល់តែភ្នាក់ងារចូលធ្វើការម៉ោង៨ ទេ គឺយើងអាចស្កេន ប.ស.ស. យក​ឯកសារមុនបាន ចាប់លេខរាងបានមុន នៅពេលដែលពេទ្យយចូលធ្វើការ គឺយើងអាចទៅពិនិត្យតែម្ដង”។

បើតាមការបញ្ជាក់ពីក្រសួងការងារ និងបន្ដបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ម៉ាស៊ីនស្វ័យសេវា ប.ស.ស. មានសារៈប្រយោជន៍ជាច្រើនរួមមាន សមាជិកអាចព្រីនទម្រង់ប្រាស់សេវាដោយខ្លួនឯង, សេវាលឿន រហ័ស និងទាន់ពេលវេលា (មិនខកខានការពិនិត្យ), កាត់បន្ថយការក្លែងបន្លំ (ករណីខ្ជីកាតបងប្អូន សាច់ញាតិ-មិត្តភក្តិមកប្រើប្រាស់)។

លើសពីនេះ សមាជិកទាំងអស់ អាចទទួលសេវាតាមលំដាប់ (អ្នកមកមុនទទួលសេវាមុន), មន្ទីរពេទ្យមិនចាំបាច់ធ្វើការចុះឈ្មោះម្ដងទៀត, ផ្ដល់ភាពរហ័យដល់ការទូទាត់ដល់មូលដ្ឋានសុខាភិបាល (ពេលភ្ជាប់ប្រព័ន្ធគ្នា)៕

To Top