ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ជួបសំណេះសំណាល ជាមួយនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជាកិច្ចចាប់ផ្ដើម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើរបាយការណ៍ស្វាគមន៍ ដោយបានជម្រាបជូនអំពីស្ថានភាពទូទៅ របស់ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង និងបានរំលេច នូវការចូលរួមចំណែករបស់ក្រុមការងារ រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងគាំទ្រដល់ទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជន ព្រមទាំងគ្រួសារកងទ័ព ជាពិសេសការចូលរួមក្នុងការកសាងនូវសមិទ្ធនានានៅក្នុងទីបញ្ជាការដ្ឋានផងដែរ។ ជាមួយគ្នានោះ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានជម្រាបជូនអំពីតួនាទី ភារកិច្ច និងការប្ដេជ្ញាចិត្តរបស់កងទ័ព ក្នុងការការពារសុខសន្ដិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីជូន ជាតិ សាសនា និងព្រះមហាក្សត្រ។

បន្ទាប់ពីស្ដាប់របាយការណ៍ស្វាគមន៍រួចមក លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការលះបង់គ្រប់បែបយ៉ាង របស់បងប្អូនកងទ័ពទាំងអស់ ក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាជន ព្រមទាំងបានពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ ទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនក្នុងអង្គពិធីទាំងមូលផងដែរ។

លោករដ្ឋមន្ដ្រី បានមានប្រសាសន៍លើកឡើង ដោយបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីនីតិកាលកន្លងមកក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខរដ្ឋស្តីទី រហូតដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្ដវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លើសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងទ័ព អតីយុទ្ធជន និងនិវត្តជន ព្រមទាំងក្រុមគ្រួសារ តាមរយៈការចុះជួបសួរសុខទុក្ខ ការជួយឧត្ថម្ភគាំទ្រ ការរៀបចំទីតាំង និងលំនៅឋាន ព្រមទាំងការបណ្ដុះបណ្ដាលជំនាញដើម្បីលើកកម្ពស់កម្រិតជីវភាពឱ្យបានល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ដ្រី បានអំពាវនាវដល់បងប្អូននាយទាហាន ពលទាហាន អតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារទាំងអស់ សូមបន្តជឿទុកចិត្ត លើកងកម្លាំងយោធាកម្ពុជា និងជឿជាក់លើការដឹកនាំរបស់ប្រមុខដឹកនាំកំពូលរបស់កម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងត្រូវបន្តរួមសាមគ្គីជាធ្លុងមួយ ដែលជាខឿនដ៏សំខាន់រឹងមាំនៃសមរភូមិក្រោយ ដើម្បីគាំទ្រលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់កងទ័ពឈរជើងការពារព្រំដែន និងទឹកដីកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។

នៅចុងបញ្ចប់ ជាមួយនឹងការឆ្លើយតបទៅនឹងសំណូមពររបស់អង្គភាព លោករដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគ និងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជន ទាំង១០០នាក់ ដោយម្នាក់ៗទទួលបាន អង្ករ ចំនួន ០១ការ៉ុង, មី ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ព្រមទាំងថវិកាមួយចំនួនផងដែរ៕

To Top