ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ កម្ពុជា-ថៃ ប្រើប្រាស់ UNCLOS ដោះស្រាយព្រំដែនសមុទ្រ ត្រួតស៊ីគ្នា

ភ្នំពេញ ៖ លោក ប៉ែន បូណាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កម្ពុជា-ថៃ បានឯកភាពគ្នាប្រើប្រាស់យន្តការ នៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាល បានសម្រេចថា នឹងប្រើប្រាស់យន្តការ នៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។

លោកថា ជំហរបែបនេះ ត្រូវបានប្រកាសជាផ្លូវការ ដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្រោយពីគណៈរដ្ឋមន្ត្រីថៃ អនុម័តដកខ្លួន ពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឬហៅកាត់ថា MOU-2001 ឬភាគីថៃហៅថា MOU-44។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជំហរនេះ ប្រាប់នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល ដោយផ្ទាល់នៅឯជំនួបត្រីភាគី នៅកោះសេប៊ូ ប្រទេសហ្វីលីពីន ។

អ្នកនាំពាក្យបន្ថែមថា “ភាគីថៃ បានទទួលស្គាល់នូវការជូនដំណឹងអំពីជំហរ របស់កម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សា ដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ។ កម្ពុជា និងថៃ បានឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហា ដែនសមុទ្រត្រួតគ្នា ។ កម្ពុជាក៏បានបញ្ជូនកំណត់ទូតទៅភាគីថៃ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ ពីការប្រើប្រាស់យន្តការផ្សះផ្សា ដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ររួចហើយ” ។

បើតាមលោកប៉ែន បូណា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានគូសបញ្ជាក់ជំហរ របស់កម្ពុជាថា គ្មានការចាំបាច់ត្រូវចរចា ជាមួយភាគីថៃ ដើម្បីបង្កើតកិច្ចព្រមព្រៀង ទ្វេភាគីថ្មីណាមួយទៀតឡើយ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគីរួចមក ពោលគឺកម្ពុជា-ថៃ ត្រូវធ្វើដំណើរឆ្ពោះទៅយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តងទើបអាចដោះស្រាយបញ្ហា ដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌។ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីស្ថាប័ននីតិបញ្ញត្តិទាំងពីរគឺ ព្រឹទ្ធសភា និងរដ្ឋសភា៕

To Top