គណៈកម្មាធិការចំបុណ្យជាតិ ណែនាំឱ្យរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិបានចេញសេចក្តីណែនាំ ឱ្យក្រសួង ស្ថាប័នរដ្ឋ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រកម្ពុជា គម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ព្រះវស្សាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។
ផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេស តែងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ស្របតាមព្រះរាជប្បវេណីពីបុរាណ ដោយចាត់ទុកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គឺជាអាយុវឌ្ឍនមង្គលមួយដ៏ប្រសើរថ្លៃថ្លា ។

ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ធ្វើការណែនាំក្រសួងព្រះបរមរាជវាំងរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ទៅតាមព្រះរាជប្បវេណី តាមការសព្វព្រះរាជហឫទ័យ ព្រះករុណា ព្រះមហាក្សត្រ ។
សម្រាប់ក្រសួងធម្មការ និងសាសនា ត្រូវក្រាបបង្គំទូលថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ដើម្បីសុំព្រះរាជតម្រិះ រៀបចំគណៈប្រតិភូសង្ឃ និងដឹកនាំគណៈប្រតិភូសង្ឃ ចូលថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ។
ចំណែក ក្រសួងព័ត៌មានវិញ ត្រូវណែនាំឱ្យបណ្តាញវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឫទ័យស្តេចយាងចុះសួរសុខទុក្ខ ជួបប្រាស្រ័យផ្ទាល់ជាមួយព្រះសង្ឃ និងប្រជារាស្ត្ររបស់ព្រះអង្គ។
ចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវណែនាំគ្រប់មន្ទីរវប្បធម៌ រាជធានី ខេត្ត រៀបចំក្រុមសិល្បៈ និងចម្រៀងបុរាណ សម័យ សម្តែង និងប្រគំជូនប្រជារាស្ត្រទស្សនាកម្សាន្តសប្បាយ នៅតាមទីសាធារណៈ ។ សម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច ជួយបង្កលក្ខណៈងាយស្រួលដោះស្រាយសម្ភារៈ ថវិកា ឱ្យបានសមស្រប និងទាន់ពេលវេលា។
ដោយឡែក រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ដោយមានវត្តមានព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងប្រជារាស្ត្រចូលរួម ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវជួយណែនាំដល់អង្គភាពក្រោមឱវាទ ឱ្យសហការការពារ រក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម និងចរាចរណ៍ ។ សម្រាប់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំកម្មវិធីចុះសួរសុខទុក្ខអ្នកជំងឺ កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា និងចាស់ជរាគ្មានទីពឹង ៕
