លោក ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការចូលនិវត្តន៍ឆ្នាំ ២០២៦ នៃក្រសួងអភិវឌ្ឍន៍ជនបទ
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការដែលចូលនិវត្តន៍ ឆ្នាំ ២០២៦ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

តាមរយៈរបាយការណ៍របស់ លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានបញ្ជាក់ថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ មានមន្ត្រីរាជការមានក្របខ័ណ្ឌ និងមន្ត្រីដែលជាប់កិច្ចសន្យា ទាំងនៅទីស្ដីការក្រសួង និងនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត សរុបចំនួន ១ ៥៧៣នាក់។ ដោយគិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ មានមន្រ្តីរាជការចូលនិវត្តន៍មានចំនួន ២៨នាក់ ដោយក្នុងនោះ នៅទីស្តីការក្រសួងមានចំនួន ១០នាក់ និងនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត មានចំនួន ១៨នាក់។

ក្នុងពិធីសំណេះសំណាលនាឱកាសនេះ លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រលាញ់ជ្រាលជ្រៅ និងពរជ័យសព្ទសាធុការពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្ត្រីរាជការដែលចូលនិវត្ត ទាំងអស់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានគូសរំលេចអំពីវីរភាពគំរូនិងការលះបង់ ដោយការយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ដ្រី និងវីរជនសេ្នហាជាតិជាច្រើនរូបទៀតក្នុងការរំដោះប្រទេសជាតិចេញពីភ្នក់ភ្លើងនៃសង្គ្រាមស៊ីវិល ព្រមទាំងការពារបូរណភាពទឹកដី និងធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ជាលំដាប់ក្រោមដំបូល នៃសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស។ ក្រោមការដឹកនាំបន្តវេន ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបច្ចុប្បន្នក្នុងនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្ដថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ តាមរយៈការអនុវត្តនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដើម្បីឈានទៅសម្រេចនូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ទន្ទឹមនឹងនោះដែរ លោករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងបន្ថែមទៀតថា សមិទ្ធិផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទនាពេលកន្លងមក កើតចេញពីការួមចំណែករបស់បងប្អូនមន្ដ្រីរាជការដែលចូលនិវត្តន៍នាពេលនេះ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតី ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ជាពិសេសការអភិវឌ្ឍតំបន់ជនបទនៅទូទាំងប្រទេសឱ្យមានការរីចម្រើន។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តលើកឡើងទៀតថា ការជួបជុំគ្នានាពេលនេះ ក៏ជាការបង្ហាញអំពីការដឹងគុណ និងយកចិត្តទុកដាក់របស់ក្រសួងចំពោះនិវត្តជនគ្រប់រូបដែលបានលះបង់ដើម្បីបុព្វហេតុជាតិ និងមាតុភូមិផងដែរ។

ជាការឆ្លើយតប លោក សុខ គន្ធា អតីតអនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញមានមតិថ្លែងអំណរគុណចំពោះលោករដ្ឋមន្ដ្រី ព្រមទាំងបានបង្ហាញពីមោទនភាពយ៉ាងក្រៃលែងចំពោះការបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់និងអស់ពីកម្លាំងកាយចិត្ត នៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

ជាកិច្ចបញ្ចប់នៃពិធីសំណេះសំណាល លោករដ្ឋមន្ត្រី បានអញ្ជើញប្រគល់វិញ្ញាបនបត្ររដ្ឋបាល និងវត្ថុអនុស្សាវរីយ៍ ព្រមទាំងថវិកាដ៏ថ្លៃថ្លា របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់និវត្តជនទាំងអស់ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕



