DAP News
ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ បើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការសិក្សាចងក្រងឯកសារជាតិ សមិទ្ធផលសម្រេចបានស្ថានភាព បញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល (ODF) ក្នុងរាជធានី ខេត្ត ទូទាំងប្រទេសឆ្នាំ២០២៥ និងការធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ODF+ កម្ពុជា ឆ្នាំ២០២៦–២០៣០

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការសិក្សាចងក្រងឯកសារជាតិសមិទ្ធផល សម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងរាជធានី ខេត្ត ទូទាំងប្រទេសឆ្នាំ២០២៥ និងការធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ODF+ កម្ពុជា ឆ្នាំ២០២៦–២០៣០ ។

តាមរយៈរបាយការណ៍របស់ លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានបង្ហាញថា អត្រាគ្របដណ្តប់អនាម័យ នៅដំណាក់កាលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនខ្លាំង បើគិតត្រឹមឆ្នាំ២០២៥ មានការកើនឡើងរហូតដល់ ៩៥% ក្នុងនោះអនាម័យគ្រប់គ្រងដោយសុវត្ថិភាពមានប្រមាណ ៥១%។ ការរីកចម្រើននេះបង្ហាញថា កម្ពុជាបានឈានដល់ដំណាក់កាលមួយសំខាន់ ក្នុងការសម្រេចគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG/CSDG 6.2) ដែលផ្តោតលើការធានាឱ្យមានសេវាអនាម័យសម្រាប់មនុស្សទាំងអស់ និងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

ជាមួយគ្នានោះដែរ លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី អង្គការភ្លែនអន្តរជាតិ បានថ្លែងនូវចំណាប់អារម្មណ៍ប្រកបដោយអត្ថន័យវិជ្ជមាន និងបានបញ្ជាក់អំពីការចូលរួមគាំទ្រវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសការលើកកម្ពស់អនាម័យជនបទនាពេលកន្លងមក ព្រមទាំងបានបេ្តជ្ញាចិត្តបន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ដើម្បីពង្រឹងប្រព័ន្ធ Post-ODF ឱ្យមាននិរន្តរភាព ព្រមទាំងដើម្បីឆ្ពោះទៅ ODF+ នៅឆ្នាំ២០៣០ខាងមុខ។

ថ្លែងសុន្ទរកថាក្នុងពិធីបើក លោក ឆាយ ឫទ្ធិសែន បានមានប្រសាសន៍បញ្ជាក់ថាការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ជាក់ស្តែងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានកំណត់គោលដៅពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០ ដែលស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs) ផងដែរ។

ដើម្បីចូលរួមធ្វើឱ្យសម្រេចនូវគោលដៅខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលលើការងារលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈការរៀបចំនិងអនុវត្តដោយជោគជ័យគួរជាទីមោទនៈ នូវផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២ជំហានកន្លងមកហើយ។

ជាលទ្ធផល គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន៨៩% ខណៈសេវាផ្គត់ផ្គង់ទឹកដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពសម្រេចបាន ២៥% និងអត្រាគ្របដណ្តប់អនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៥% ខណៈអត្រាគ្របដណ្តប់អនាម័យដែលគ្រប់គ្រងប្រកប ដោយសុវត្ថិភាពសម្រេចបាន ៥១%។ លើសពីនេះ រាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈរាជធានីភ្នំពេញ និងខេត្តកណ្តាលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាលពាសកាលកម្រិតខ្ពស់ (ODF+) ដែលនេះជាសមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តបន្ថែមទៀតរបស់កម្ពុជា។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រី បានសំណូមពរដល់អង្គសិក្ខាសាលាទាំងមូលមេត្តាយកចិត្តទុកដាក់ពិភាក្សាឱ្យបានសកម្ម ដើម្បីផ្តល់ជាមតិយោបល់ជាធាតុចូលសម្រាប់ការរៀបចំឯកសារសមិទ្ធផល ODF និងផែនទីបង្ហាញផ្លូវសម្រាប់ឈានទៅសម្រេចបាន ODF+ ឱ្យបានគ្រប់ជ្រុងជ្រោយ និងមានភាពប្រាកដនិយម។

សូមជម្រាបជូនដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ ក្នុងគោលបំណងសំខាន់ៗចំនួន ២ គឺ ទី១. ពិគ្រោះយោបល់ប្រមូលធាតុចូលសម្រាប់ការសិក្សាចងក្រងឯកសារជាតិសមិទ្ធផល ODF រាជធានី ខេត្ត ទូទាំងប្រទេស ឆ្នាំ២០២៥ និង ទី២. ឆ្លុះបញ្ចាំងការអនុវត្តផែនទីបង្ហាញផ្លូវ ODF កម្ពុជា ឆ្នាំ២០២៣–២០២៥ និងធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ODF+ ជាតិ ឆ្នាំ២០២៦–២០៣០៕

To Top