ព័ត៌មានជាតិ

លោក គឹម ប្រុស តម្រូវឱ្យមកបំពេញការងារ នៅនាយកដ្ឋានកិច្ចការប្រកួតប្រជែង ដើម្បីបន្តនីតិវិធីរបស់ក្រុមប្រឹក្សាវិន័យ នៃក្រសួងពាណិជ្ជកម្ម

ភ្នំពេញ ៖ លោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង បានតម្រូវឱ្យមកបំពេញការងារនៅទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តនីតិវិធីរបស់ក្រុមប្រឹក្សាវិន័យ នៃក្រសួងពាណិជ្ជកម្ម។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ថា អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា បន្ទាប់ពីមានបាតុភាពលើភាពមិនច្បាស់លាស់លើករណីទុរេនដាក់លក់នៅផ្សារ ភួ ពុយ ខេត្តបាត់ដំបង អគ្គនាយកដ្ឋាន ក.ប.ប. បានចាត់វិធានការជាបន្តបន្ទាប់ មានដូចខាងក្រោម៖

១. នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋាន បានណែនាំឱ្យសាខា ក.ប.ប. ខេត្តបាត់ដំបង ចុះត្រួតពិនិត្យសម្ភាសន៍ផ្ទាល់ជាមួយអាជីវករចំនួន ៧ កន្លែងដែលដាក់លក់ទុរេន នៅផ្សារ ភួ ពុយ និងប្រមូលសំណាកគំរូទុរេនទាំងនោះ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍ ពិនិត្យរកសារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់។

២. នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទៅធ្វើការស៊ើបអង្កេតដល់ទីកន្លែងនៅខេត្តបាត់ដំបង និងរៀបចំកិច្ចប្រជុំរួមរវាងរដ្ឋបាលខេត្តបាត់ដំបងដែលមានការចូលរួមពីលោកអភិបាលរងខេត្តបាត់ដំបង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ប្រធានសាខា ក.ប.ប. និងមន្ត្រីក្រោមឱវាទ ព្រមទាំងអាជីវករពាក់ព័ន្ធនៅផ្សារ ភួ ពុយ មួយចំនួនផងដែរ ដើម្បីស្ដាប់អំណះអំណាង និងស្វែងរកដំណោះស្រាយបន្ទាន់សម្រាប់ករណីនេះ។

៣. នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋាន ក.ប.ប. បានចេញលិខិតបង្គាប់ការលេខ ៤៤៣ អ.កបប ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវឱ្យលោក គឹម ប្រុស មកបំពេញការងារនៅនាយកដ្ឋានកិច្ចការប្រកួតប្រជែង នៃទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តនីតិវិធីរបស់ក្រុមប្រឹក្សាវិន័យនៃក្រសួងពាណិជ្ជកម្ម ស្របតាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា៕

To Top