សម្តេចធិបតី ៖ កុំមើលមកការ អនុវត្តកាតព្វកិច្ចយោធា ធ្វើឱ្យខាតពេលវេលា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំទៅមនុស្សមួយចំនួនកុំសម្លឹងឃើញថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធាធ្វើឱ្យមនុស្សខាតពេលវេលា ។
ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជានៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថាច្បាប់កាតព្វកិច្ចយោធាថា បានផ្តល់ជាគោលការណ៍សំខាន់ៗនិងមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់អ្នកបំពេញកាតព្វកិច្ចយោធា របស់ប្រជាពលរដ្ឋគ្រប់អាយុ ។ ដូច្នេះកុំគិតថា ច្បាប់នេះជាបន្ទុកសម្រាប់មនុស្សម្នាក់ៗគ្រប់អាយុ។
សម្តេចធិបតីបញ្ជាក់ថា “ខ្ញុំសូមកុំឱ្យមើល ការអនុវត្តកាតព្វកិច្ចធ្វើឱ្យមនុស្សខាតពេល ខាតរៀន គួរតែជាឱកាសសម្រាប់យើងតបស្នងទៅប្រទេសកម្ពុជារបស់យើងដ៏កំសត់មួយនេះ”។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានពន្យល់ថា ទៅថ្ងៃខាងមុខ ច្បាប់កាតព្វកិច្ចនឹងពង្រាយ ។ បានន័យថា អ្នកចូលកាតព្វកិច្ចគឺអត់មានស័ក្តិអ្វីទេ បើតាមការគិតគូរពីដំបូង ទាល់តែចប់២ឆ្នាំពេលគាត់ចូលនិវត្តន៍ទើបមានស័ក្តិអ្វីមួយ ហើយអ្នកអាចដាក់ពាក្យសុំធ្វើជាទាហានអាជីព ។ ទាហានអាជីពបានចូលរហូតដល់ពេលគាត់ចូលនិវត្តន៍ ចូលជាយោធិនបំរុង ។
សម្តេចធិបតីបញ្ជាក់ថា យោធិនបំរុងនឹងបង្កើតអង្គភាពបំរុង ។ អង្គភាពបំរុងនេះ ក្រៅពីអង្គភាពអាជីពពេញម៉ោង គឺអង្គភាពបំរុង ។ យោធិនបំរុង និងយោធិនកាតព្វកិច្ច ក្នុងមួយឆ្នាំត្រូវមកបំពេញកាតព្វកិច្ច មួយសប្តាហ៍ ឬពីរសប្តាហ៍ ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មាន៨ជំពូក និង២០មាត្រាដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នោះ រៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្ត មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាននៃការអនុវត្ត កាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយស ដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ ៕
