ជប៉ុន កំពុងពិចារណាលើការនាំចេញមីស៊ីល ប្រភេទបាញ់ពីលើដីប្រឆាំងនាវា ទៅកាន់ប្រទេសហ្វីលីពីន
បរទេស៖ ក្រសួងការពារជាតិជប៉ុន កំពុងពិចារណាលើការនាំចេញមីស៊ីលប្រភេទបាញ់ពីលើដីប្រឆាំងនាវាទៅកាន់ប្រទេសហ្វីលីពីន , នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសុក្រ ខណៈដែលទីក្រុងតូក្យូបានទទួលយកតួនាទីសន្តិសុខក្នុងតំបន់ដ៏ម៉ឺងម៉ាត់ជាងមុន ចំពេលមានការព្រួយបារម្ភអំពីប្រទេសចិន។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថា កាលពីខែមុន ប្រទេសជប៉ុនបានបង្ហាញពីការរុះរើច្បាប់នាំចេញការពារជាតិដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយលុបចោលការរឹតបន្តឹងលើការលក់អាវុធនៅក្រៅប្រទេស និងបានកផ្លូវសម្រាប់ការនាំចេញនាវាចម្បាំង មីស៊ីល និងអាវុធផ្សេងៗទៀត។
ទីក្រុងប៉េកាំងបានសម្តែងការមិនពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងថ្មីរបស់ទីក្រុងតូក្យូក្នុងវិស័យការពារជាតិ ដោយទំនាក់ទំនងទ្វេភាគីស្ថិតក្នុងកម្រិតទាបជាពិសេសចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បាននិយាយកាលពីខែវិច្ឆិកាថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ដែលគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ជប៉ុន គឺអាចបង្កឱ្យមានការឆ្លើយតបខាងយោធា។
កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំចិន លោក ស៊ី ជីនពីង ក៏បានព្រមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលមួយដែលត្រូវបានតាមដានយ៉ាងដិតដល់ថា ការគ្រប់គ្រងការមិនចុះសម្រុងគ្នារបស់ប្រទេសនានាលើកោះតៃវ៉ាន់មិនបានល្អ អាចជំរុញទំនាក់ទំនងចិន-អាមេរិកទៅកាន់ “កន្លែងគ្រោះថ្នាក់”។
ប្រទេសជប៉ុនពីមុនបាននិយាយថា ខ្លួនក៏កំពុងសម្លឹងមើលការផ្គត់ផ្គង់ដំបូងនៃនាវាពិឃាតថ្នាក់ Abukuma និងយន្តហោះ TC-90 ទៅកាន់ប្រទេសហ្វីលីពីនផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
