ព័ត៌មានអន្តរជាតិ

ចិន សម្ដែងក្ដីសង្ឃឹមថា អាមេរិក នឹងចាត់វិធានការជាក់ស្តែង ដើម្បីការពារសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់

ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន សង្ឃឹមថាសហរដ្ឋអាមេរិក នឹងចាត់វិធានការជាក់ស្តែងដើម្បីការពារសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ លោក វ៉ាង យី បានធ្វើការកត់សម្គាល់នេះនៅពេលផ្តល់ព័ត៌មានដល់សារព័ត៌មានអំពីកិច្ចប្រជុំរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងប៉េកាំង។

ដោយសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន លោក វ៉ាង យី បានលើកឡើងថា ភាគីចិនសង្ឃឹមថាភាគីសហរដ្ឋអាមេរិកនឹងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន-សហរដ្ឋអាមេរិក និងបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។

អ្នកការទូតកំពូលចិនរូបនេះបានបន្ដថា បញ្ហាតៃវ៉ាន់ គឺជាបញ្ហាសំខាន់បំផុតនៅក្នុងទំនាក់ទំនងចិន-សហរដ្ឋអាមេរិក។ «ប្រទេសចិនសង្ឃឹមថាភាគីសហរដ្ឋអាមេរិក តាមរយៈសកម្មភាពជាក់ស្តែង នឹងការពារការអភិវឌ្ឍជាលំដាប់នៃទំនាក់ទំនងចិន-សហរដ្ឋអាមេរិក និងសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។

លោកបានបន្ថែមថា ការការពារសន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រ គឺជាចំណុចរួមដ៏ធំបំផុតរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ នៅក្នុងនោះដែរលោកបានសង្កត់ធ្ងន់ថា “ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ យើងមានអារម្មណ៍ថា ភាគីសហរដ្ឋអាមេរិក យល់ពីជំហររបស់ប្រទេសចិន យកចិត្តទុកដាក់ ចំពោះក្តីបារម្ភរបស់ប្រទេសចិន ហើយដូចសហគមន៍អន្តរជាតិដែរ មិនគាំទ្រ ឬទទួលយកតៃវ៉ាន់ ដែលកំពុងឆ្ពោះទៅរកឯករាជ្យភាពនោះទេ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top