រដ្ឋមន្ដ្រីព័ត៌មាន ៖ យុវវ័យសម័យនេះ ត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់ និងប្រឆាំងព័ត៌មានក្លែងក្លាយ
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួង ព័ត៌មាន បានលើកឡើងថា យុវវ័យសម័យនេះ ត្រូវបង្កើតភាពធន់ សម្រាប់ទប់ទល់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ នៃពិភពឌីជីថល។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងព័ត៌មាន ។
ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី នេត្រ ភក្ត្រា បានធ្វើឡើង ក្នុងពិធីបើកយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ រាជធានីភ្នំពេញ។
យុទ្ធនាការនេះដើរតួជាប្រព័ន្ធការពារ និងជាយន្តការយុទ្ធសាស្ត្រ ផ្នែកអក្ខរកម្មឌីជីថល ដែលផ្តោត លើការលើកកម្ពស់សមត្ថភាពយុវជនក្នុងការទប់ស្កាត់ និងជៀសផុតពីអន្ទាក់ នៃឧបាយកលនយោបាយ បោកប្រាស់ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាទំនើប។ យុទ្ធនាការនេះនឹងបំពាក់ចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាននិង ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតម្រង់ទិសយុវវ័យឱ្យក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដែលមានស្មារតីម្ចាស់ការ ក្នុងការផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយតែព័ត៌មានពិត ប្រកបដោយគុណតម្លៃសម្រាប់គ្រួសារ និងសហគមន៍។
មានប្រសាសន៍សំណេះសំណាលជាមួយសិស្សានុសិស្សនាឱកាសនោះលោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា «យុវវ័យសម័យនេះ មិនត្រឹមតែត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សា ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ នៃពិភពឌីជីថល។ ក្មួយៗត្រូវពង្រឹងខ្លួនឱ្យមានសមត្ថភាពក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដ៏រឹងមាំ ដើម្បី បន្សុទ្ធលំហព័ត៌មានក្នុងសង្គម ការពារគ្រួសារ និងសហគមន៍ពីហានិភ័យ និងគ្រោះថ្នាក់នៃការផ្សាយបំភ្លៃ បំផ្លើស ក្លែងបន្លំ និងបំពុលសង្គម»។
ការចេញដំណើរយុទ្ធនាការជំហានទី២នេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មានក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងកសាងភាពធន់ឌីជីថលជូនដល់ពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជាឱ្យចៀសផុតពីមហន្តរាយនៃព័ត៌មានក្លែងក្លាយ។
ក្រសួងព័ត៌មាន ដឹកនាំការអនុវត្តយុទ្ធនាការនេះនៅទូទាំងប្រទេស ដោយសហការជាមួយក្រសួង- ស្ថាប័នរដ្ឋ និងឯកជន ខណៈនៅថ្នាក់ក្រោមជាតិមានការសម្របសម្រួលអនុវត្តដោយមន្ទីរព័ត៌មានរាជធានី- ខេត្ត ក្រោមកិច្ចសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរ មូលដ្ឋាន និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
គួររំលឹកជូនថា ការឈានមកដល់ជំហានទី២នេះ ការអនុវត្តឈរលើមូលដ្ឋានគ្រឹះនៃភាពជោគជ័យ ពីយុទ្ធនាការជំហានទី១ ដែលបានអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៥ នៅទូទាំង ២៥ រាជធានី-ខេត្ត។
យុទ្ធនាការជំហានទី១ បានផ្តល់ចំណេះដឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ រួមនឹងអក្ខរកម្មឌីជីថល ត្រូវបានបញ្ញាបជូនដល់ពលរដ្ឋជិត ១០ លាននាក់តាមរយៈសកម្មភាពឃោសនាផ្ទាល់ និងបានផ្សព្វផ្សាយ សារទៅដល់អ្នកប្រើប្រាស់ទូរស័ព្ទសរុបជាង ២៣ លានអង្គ/នាក់ទូទាំងប្រទេសក្រោមសហប្រតិបត្តិការ ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕
