ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ណែនាំឱ្យការពារខ្លួន ពីការឆ្លងជំងឺអេបូឡា ខណៈកម្ពុជា មិនទាន់រកឃើញជំងឺនេះឡើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការការពារខ្លួនពីការឆ្លង ជំងឺអេបូឡា (Ebola) ខណៈមកដល់ពេលនេះកម្ពុជា មិនទាន់រកឃើញករណី ជំងឺអេបូឡានៅឡើយទេ។

បើតាម ក្រសួងសុខាភិបាលកម្ពុជា, អង្គការ សុខភាពពិភពលោក (WHO) បានរាយការណ៍ពីការផ្ទុះជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ និងបានប្រកាសជាភាពអាសន្ន សុខភាពសាធារណៈអន្តរជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។

ក្រសួង ថា «ជំងឺនេះក៏ បានឆ្លងរាលដាលទៅប្រទេសអ៊ូហ្គង់ដា និងបណ្តាលឱ្យមានអ្នកឆ្លង និងស្លាប់ផងដែរ។ រហូតមកដល់ពេលនេះកម្ពុជា មិនទាន់រកឃើញករណីជំងឺ អេបូឡានៅឡើយទេ»។

លើសពីនេះ ក្រសួងសុខាភិបាល បាននិងកំពុងតាមដានស្ថានការណ៍យ៉ាង ជិតស្និទ្ធ ព្រមទាំងបានផ្សព្វផ្សាយចំណេះដឹង និងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ បុគ្គលិកសុខាភិបាលទូទាំង ប្រទេស អ្នកទទួលទូរសព្ទ១១៥ និងសាធារណជន តាមបណ្តាញទំនាក់ទំនងសង្គម។ ជាមួយនេះ ក្រសួងបានត្រៀម វិធានការចាំបាច់សម្រាប់ការពារ និងឆ្លើយតបបន្ទាន់ ប្រសិនបើមានករណីសង្ស័យកើតឡើងនៅកម្ពុជា។

សូមរំលឹកថា ជំងឺអេបូឡា គឺជាជំងឺឆ្លងធ្ងន់ធ្ងរ បង្កដោយក្រុមវីរុសអេបូឡា ដែលអាចបណ្តាលឱ្យស្លាប់ ក្នុងអត្រាខ្ពស់រហូតដល់ ៨០-៩០ ភាគរយ ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលា។ វីរុសនេះត្រូវបានគេរកឃើញនៅឆ្នាំ ១៩៧៦ នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ ហើយភាគច្រើន ត្រូវបានរកឃើញនៅ តំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក។

ក្រុមវីរុសអេបូឡា ដែលអាចបង្កជំងឺលើមនុស្សមាន ៤ ប្រភេទ រួមមាន អេបូឡា (Ebola) ស៊ូដង់ (Sudan) តែហ្វ័ររេស (Tai Forest) និង ប៊ុនឌីប៊ូហ្គីយូ (Bundibugyo)។ បច្ចុប្បន្ន មានវ៉ាក់សាំងសម្រាប់បង្ការជំងឺអេបូឡា មួយចំនួន ដែលត្រូវបានប្រើនៅក្នុងតំបន់មានផ្ទុះជំងឺ ឬក្នុងក្រុមហានីភ័យខ្ពស់។ មិនមានឱសថព្យាបាលជាក់លាក់ ដែលអាចសម្លាប់វីរុសបានទាំងស្រុងទេ មានតែការព្យាបាលថែទាំគាំទ្រទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ៕

To Top