ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំពិធីប្រកាសជាផ្លូវការ ដាក់ឱ្យដំណើរការរៀនសូត្រកម្មវិធីទឹកស្អាត និងអនាម័យ ដែលធន់នឹងអាកាសធាតុតាមប្រព័ន្ធ អនឡាញរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសជាផ្លូវការដាក់ឱ្យដំណើរការរៀនសូត្រកម្មវិធីទឹកស្អាត និងអនាម័យ ដែលធន់នឹងអាកាសធាតុតាមប្រព័ន្ធអនឡាញរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ, លោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសនៃអង្គការ UNICEF ប្រចាំនៅប្រទេសកម្ពុជា និងលោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ។

ជាកិច្ចចាប់ផ្ដើម លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានអញ្ជើញធ្វើរបាយការណ៍សង្ខេប អំពីការរៀបចំកម្មវិធីរៀនសូត្រតាមប្រព័ន្ធអនឡាញ ដោយបានជម្រាបជូនថា កម្មវិធីបណ្តុះបណ្តាលនេះ មានកម្រងវីដេអូមេរៀនសរុបចំនួន ៥ជំពូក រួមមាន៖ ទី១៖ទិដ្ឋភាពទូទៅវិស័យទឹកស្អាត និងអនាម័យ និងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា, ទី២៖ការគាំទ្រការផ្លាស់ប្តូរឆ្ពោះទៅរកសេវាទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុនៅក្នុងប្រទេសកម្ពុជា, ទី៣៖វិធីសាស្រ្តកំណត់ និងវាយតម្លៃដំណោះស្រាយទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុ, ទី៤៖ហិរញ្ញប្បទានអាកាសធាតុ និងការរៀបចំរបាយការណ៍ហេតុផលអាកាសធាតុ និងទី៥៖ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។

ជាមួយគ្នានោះដែរ លោកបណ្ឌិត Will Parks នាយកអង្គការ UNICEF ប្រចាំនៅប្រទេសកម្ពុជា និងលោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា បានអញ្ជើញថ្លែងនូវចំណាប់អារម្មណ៍ ដោយបានបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំវគ្គសិក្សាតាមប្រព័ន្ធអនឡាញនេះ នឹងចូលរួមចំណែកពង្រឹងសមត្ថភាពមន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងចំណេះនិងជំនាញទាក់ទងនឹងការវាយតម្លៃ និងការរៀបចំផែនការវិស័យទឹកស្អាត និងអនាម័យជនបទដែលធន់នឹងអាកាសធាតុ។ លើសពីនេះទៀត លោកនាយកអង្គការ UNICEF ក៏ដូចជា ឯកអគ្គរដ្ឋទូតរងអូស្រ្តាលី ក៏បានបង្ហាញនូវការបេ្តជ្ញាចិត្តបន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការធ្វើការងារពង្រឹងភាពធន់ និងគាំទ្រសហគមន៍ក្នុងការសម្របខ្លួនទៅនឹង ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

អញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីប្រកាសនោះ លោក ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់។ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិ របស់រាជរដ្ឋាភិបាល លើការងារលើកកម្ពស់ការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ តាមរយៈការរៀបចំនិងអនុវត្តដោយជោគជ័យ នូវផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២ជំហានកន្លងមកហើយ។ ជាក់ស្តែង គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាត កម្រិតមូលដ្ឋានសម្រេចបាន ៨៩% ខណៈសេវាផ្គត់ផ្គង់ទឹកដែលគ្រប់គ្រង ប្រកបដោយសុវត្ថិភាពសម្រេចបាន ២៥% រីឯអត្រាគ្របដណ្តប់អនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៥% ខណៈអត្រាគ្របដណ្តប់អនាម័យដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពសម្រេចបាន ៥១%។ ជាមួយគ្នានោះ រាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈរាជធានីភ្នំពេញ និងខេត្តកណ្តាលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាលពាសកាលកម្រិតខ្ពស់ (ODF+)។

លើសពីនេះទៀត ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហា ដែលកំពុងប្រឈមមួយចំនួន និងឈានទៅសម្រេចឱ្យតាមគោលដៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ទាមទារឱ្យមានការបង្កើនការយល់ដឹងបន្ថែម អំពីការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយប្រើប្រាស់ទាំងមធ្យោបាយ បណ្តុះបណ្តាលបច្ចេកទេសជូនមន្ត្រី ជំនាញ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងតាមការស្វែងរកចំណេះដឹងបន្ថែមតាមប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាតាមប្រព័ន្ធពត៌មានវិទ្យាផងដែរ។ ក្នុងន័យនេះវគ្គសិក្សារៀនសូត្រតាមប្រព័ន្ធអនឡាញនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនសមត្ថភាពដល់មន្រ្តីរាជការ ជាពិសេសមន្រ្តីរាជការ ទទួលបន្ទុកផ្នែកទឹកស្អាត និងអនាម័យ ក៏ដូចជាសាធារណៈជនទូទៅផងដែរ។

ជាចុងក្រោយ លោករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យដំណើរនៃកម្មវិធីសិក្សារៀនសូត្រអំពីកម្មវិធីទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុតាមប្រព័ន្ធអនឡាញនេះ ដំណើរការទៅដោយរលូន និងទទួលបានប្រសិទ្ធភាពខ្ពស់៕

To Top