ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន បើកគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ មានថវិកាជាង ១១លានដុល្លារ

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ឧសភា នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផល នៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ និងបើកគម្រោង ដំណាក់កាលទី៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់ «មរតកតេជោ» នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏ថ្លៃថ្លានេះ ពីសំណាក់ប្រជាជន និងរដ្ឋាភិបាលជប៉ុន សម្រាប់គាំទ្រគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ មានថវិកាចំនួន ២,០០០លានយ៉េន ប្រមាណជាង១៧ លាន ដុល្លារអាម៉េរិក សម្រាប់គាំទ្រប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយសង្គ្រោះជនពិការដោយសារមីនតាមរយៈការជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជនបទ ដោយផ្តល់អាទិភាព លើខេត្តចំនួ ន៣គឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន និងគម្រោងថ្មីដំណាក់កាលទី៣ មានថវិកាចំនួន ១,៧០០ លានយ៉េន ប្រមាណជាង ១១លាន ដុល្លារអាម៉េរិក នៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រដល់អង្គភាពបោសសម្អាតមីនទាំងអស់ បានខិតខំប្រឹងប្រែងបោសសម្អាតផ្ទៃដីបានចំនួនជាង ៣,៥៤២គីឡូម៉ែត្រក្រឡា និងរុករកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទបានចំនួនជាង ៤.៥លានគ្រាប់ ក្នុងនោះ អង្គភាព CMAC បោសសម្អាតផ្ទៃដីបានចំនួនប្រមាណ ២,១៣៦គីឡូម៉ែត្រក្រឡា សម្រាប់ប្រជាជនធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត៕

To Top