ព័ត៌មានជាតិ

ក្រសួងការងារ៖ ខេត្តចំនួន ៤នៅភូមិភាគឦសាន្តមានឱកាសការងារជាង ៤ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ 

ភូមិភាគឦសាន្ត៖ ខេត្ត ៤ ដែលស្ថិតនៅភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា មានឱកាសការងារជិត ៤ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ 

តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅភូមិភាគឦសាន្ត រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មានឱកាសការងារសរុបចំនួន ៤,១៣៩កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្ម។ 

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ 

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕

To Top