ចំនួនអ្នកស្លាប់ដោយសារការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅក្នុងប្រទេសលីបង់កើនឡើងដល់ ៣.០០០ នាក់ហើយ
បរទេស៖ ចំនួនអ្នកស្លាប់នៅក្នុងការប្រយុទ្ធគ្នាជុំចុងក្រោយរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់បានលើសពី ៣.០០០ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់បាននិយាយកាលពីថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ថា មន្រ្តីក្រសួងសុខាភិបាលលីបង់ បាននិយាយថា អ្នកស្លាប់ឥឡូវនេះមានចំនួន ៣.០២០ នាក់ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងនោះរួមទាំងស្ត្រី ២៩២ នាក់ និងកុមារ ២១១ នាក់។ ការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅថ្ងៃទី ២ ខែមីនា ដោយក្រុមសកម្មប្រយុទ្ធហេសបូឡាបានបាញ់ទៅលើអ៊ីស្រាអែល ពីរថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់។ ការវាយប្រហារពីភាគីទាំងពីរមិនបានបញ្ឈប់ទេ ទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយក៏ដោយ។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានឈ្លានពានភាគខាងត្បូងប្រទេសលីបង់ និងបានបាញ់ផ្លោងរដ្ឋធានីបេរូត និងតំបន់ផ្សេងទៀត ដោយនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើកិច្ចខិតខំប្រឹងប្រែងរបស់ហេសបូឡាក្នុងការបំពាក់អាវុធឡើងវិញ។ ក្រុមហេសបូឡា ដែលជាអង្គភាពនយោបាយដ៏មានឥទ្ធិពលនៅក្នុងប្រទេសលីបង់ បានទប់ទល់នឹងសម្ពាធ រួមទាំងរដ្ឋាភិបាលលីបង់ផងដែរ ក្នុងការដកហូតអាវុធ។
មនុស្សជាងមួយលាននាក់ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេសលីបង់ដោយសារការប្រយុទ្ធគ្នា ដោយអ្នកខ្លះជ្រកកោននៅក្នុងតង់តាមបណ្តោយផ្លូវ និងសមុទ្រនៅទីក្រុងបេរូត។ ទន្ទឹមនឹងនេះដែរ អ៊ីស្រាអែលបានតស៊ូដើម្បីបញ្ឈប់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ក្រុមហេសបូឡា ដែលវាយប្រហារទាំងកងទ័ពរបស់ពួកគេនៅលើដីលីបង់ និងនៅតាមទីប្រជុំជនព្រំដែនភាគខាងជើងអ៊ីស្រាអែល។
ប្រែសម្រួលៈ ណៃ តុលា
