DAP News
ព័ត៌មានជាតិ

លោក Wang Wenbin ផ្ញើសារអបអរសាទរលោកស្រី ខែក កែម៉ាលី ស៊ីសូដា ដែលទទួលបានមេដាយការទូតឆ្នើមលើកដំបូងពីក្រសួងការបរទេសចិន

ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ លោកស្រី ខែក កែម៉ាលី ស៊ីសូដា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ដែលត្រូវបានក្រសួងការបរទេសចិន សម្រេចបំពាក់ «គ្រឿងឥស្សរិយយសបេសកជនការទូតឆ្នើម» លើកដំបូងបង្អស់។

យោងតាមគណនីហ្វេសបុកផ្លូវការ លោក Wang Wenbin បានសរសេរថា “សូមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា អតីតឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដែលទទួលបាន «គ្រឿងឥស្សរយយសបេសកជនការទូតឆ្នើម» លើកដំបូងពីក្រសួងការបរទេសចិន!

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកជំទាវបានចូលរួមយ៉ាងសកម្មក្នុងការជំរុញផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជនទាំងពីរ។ គ្រឿងឥស្សរយយសខាងលើនេះមិនត្រឹមតែជាការបញ្ជាក់យ៉ាងខ្ពស់អំពីការចូលរួមចំណែកផ្នែកការទូតរបស់លោកជំទាវប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញដ៏រស់រវើកចំពោះមិត្តភាពដែកថែបជាប្រវត្តិសាស្ត្ររវាងចិននិងកម្ពុជាផងដែរ។

សូមឱ្យចំណងមិត្តភាពរវាងចិន និងកម្ពុជា ត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយសូមឱ្យការកសាងសហគមន៍វាសនារួមគ្រប់រដូវកាលរវាងចិន-កម្ពុជា ក្នុងយុគសម័យថ្មីបន្តឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត!”៕

To Top