ព័ត៌មានជាតិ

សមត្ថកិច្ចមណ្ឌលគិរី បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៧នាក់ នៅស្រុកកែវសីមា

ខេត្តមណ្ឌលគិរី៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២ និង៣៣នាទី ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងសម្របសម្រួលនីតិវិធីដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានចុះប្រតិបត្តិការនៅចំណុចតង់ខៀវ និងផ្លូវបេតុងក្រោយសាលារៀន ស្ថិតក្នុងភូមិអូរអាម ដោយអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៨៣ ឃ.ដចន/២៦។ ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យប្រុសចំនួន ៧នាក់ និងធ្វើតេស្តទឹកម៉ូត្រ រកឃើញមានសារធាតុញៀនវិជ្ជមានទាំងអស់។

ក្រោយការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ កង ទូច ហៅ “អាចារ្យទូច” សមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួន ៦កញ្ចប់ ក្នុងនោះមាន ៣កញ្ចប់ធំ ២កញ្ចប់ធំល្មម និង១កញ្ចប់តូច ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖
ថ្នាំញៀន ៦កញ្ចប់
ជញ្ជីងថ្លឹងថ្នាំញៀន ២គ្រឿង
ថង់សម្រាប់វេចខ្ចប់មួយចំនួន
ឧបករណ៍ប្រើប្រាស់គ្រឿងញៀន
បង់អាវុធ AK-47 ចំនួន១
គ្រាប់អាវុធ AK-47 ចំនួន១៨គ្រាប់
ទូរស័ព្ទដៃ ៧គ្រឿង
ម៉ូតូ ១គ្រឿង ម៉ាក Exciter 2020 ពណ៌ខៀវ គ្មានស្លាកលេខ
បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកែវសីមា ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top